មិនដឹងប្រញាប់ទៅណា បុកស្នងការរង២នាក់ រួចបុកមន្ត្រីសមត្ថកិច្ចម្នាក់ទៀត
រាជធានីភ្នំពេញ ៖ បុរសម្នាក់ទើបតែចេញមកពីពិធីជប់លៀងសង្ស័យបើកបររថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកសមត្ថកិច្ចកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ រីឯអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តកោះ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

បុរសម្នាក់ដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះឆាយ គឹមហួន អាយុ៣៣ឆ្នាំ ជាអនុការិយាល័យក្រសួងទេសចរណ៍ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២BD-៩៨៦៧ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថា ដោយមានបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនឹងជាស្នងការរាជធានីភ្នំពេញបានចេញបញ្ជាអោយសមត្ថកិច្ចទាំង១៤ខណ្ឌ ត្រូវតែអនុវត្តន៍ច្បាប់ចរាចរណ៍ ក្នុងនោះចាប់អ្នកបើកបរមិនពាក់មួក និងម៉ូតូគ្មានកញ្ចក់ ព្រមទាំងត្រួតពិនិត្យរកជាតិស្រវឹង និងពិនិត្យអាវុធជាតិផ្ទុះផងដែរ ។ ការអនុវត្តន៍នេះគឺត្រូវចាប់ផ្តើមធ្វើពីវេលាម៉ោង១០យប់រហូតទៅដល់ម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ។

តាមប្រភពដដែលបានបន្តថា ជាក់ស្តែងនៅអធិការនគរបាលខណ្ឌដូនពេញ គឺកម្លាំងចំរុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមនឹងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងព្រហ្មទណ្ឌ និងផ្នែកគ្រឿងញៀននៃស្នងការរាជធានីភ្នំពេញដែលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ រីឯអ្នកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ ស្នងររងទទួលផែនការជួញដូរមនុស្ស បានរងរបួសយ៉ាងដំណំទាំង២នាក់ រីឯកម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈពួកគាត់កំពុងតែឈរតម្រង់ជួរដើម្បីអនុវត្តន៍ត្រួតពិនិត្យច្បាប់ចរាចរណ៍ ស្រាប់តែមានបុរសម្នាក់បើកបររថយន្តមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ទើបតែចេញមកពីកម្មវិធីជប់លៀង ហើយស្រវឹងមិនបានមើលកម្លាំងសមត្ថកិច្ចកំពុងតែត្រួតពិនិត្យច្បាប់ចរាចរណ៍ក៏ជ្រុលទៅបុកលោកស្រីនិងលោកប្រុសជាស្នងការរងចំនួន២នាក់បណ្តាលឱ្យរបួសស្រាល ហើយបានបុកកម្លាំងអន្តរាគមន៍ម្នាក់ទៀតរងរបួសធ្ងន់ ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនបានមក ដឹកមន្ត្រីសមត្ថកិច្ចដែលត្រូវរងរបួសធ្ងន់យកទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីព្យាបាល រីឯអ្នកបើកបររថយន្តត្រូវបានកម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការវាស់ជាតិអាកុល រកឃើញមានជាតិអាកុល០.៧៨មីលីក្រាមក្នុងមួយលីត្រខ្យល់ ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តត្រូវបានសមត្ថកិច្ចវាយខ្នោះដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/