មិនធម្មតា​ទេ បុរស​វ័យ​ចំណាស់​ទិញ​មក​ប្រើ​ផង ទុក​លក់​បន្ត​ផង

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​បង្ក្រាប​ចាប់ ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ជាប់ចោទ​ពី​បទ​ប្រើប្រាស់​និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០ កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​រមៀត បាន​ចេញ​ល្បាត​នៅ​ចំណុច​មាត់​ស្រះ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ភូមិ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រាប់តែ​ប្រទះ​ឃើញ​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​ម្នាក់​ឈ្មោះ ម៉ាង គុយ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ពេល​នោះ​កំលាំង​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​សរុប​ចំនួន​៤​ថង់​តូច ក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ​ចំនួន​២​ថង់​តូច និង​ក្នុង​កញ្ចប់​បារី​ដាក់​ហោប៉ៅ​អាវ​ខាងឆ្វេង​ចំនួន​២​ថង់​តូច ដែកកេះ​១ និង​ទូរស័ព្ទ​១​គ្រឿង បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ទន្ទឹម​នឹង​ប្រើប្រាស់ ខ្លួន​ក៏​បាន​ទិញ​ថ្នាំ​ញៀន​ដើម្បី​យក​មក​ទុក​លក់​ចែកចាយ​បន្ត​ដល់​អ្នក​ប្រើប្រាស់​នៅ​តាម​ព្រំដែន​ផង​ដែរ ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​ការ​រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ជាក់ស្តែង​នៅ​នឹង​ខ្លួន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ហើយ​ដែរ​៕ 

អត្ថបទ៖  https://kohsantepheapdaily.com.kh/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online