មិនមែនលើកទី១ទេ ៦លើកមកហើយ ពេលនេះអស់លក្ខណ៍ក្នុងផ្ទះសំណាក់
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្លាំងព្រហ្មទណ្ឌកំរិតស្រាលធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់នៅផ្ទះសំណាក់ និងឈានដល់ចាប់ខ្លួនម្នាក់ទៀតយកទៅសួរនាំ ខណៈជនសង្ស័យ ជិះម៉ូតូកង់បីទៅកាច់កញ្ចប់រថយន្តទំនើបកាលពីថ្ងៃទី២១ កុម្ភៈ ហើយនេះមិនមែនលើកទី១នោះ គឺច្រើនលើកមកហើយ ។ ហេតុការណ៍ចាប់ខ្លួននេះកើតឡើងកាលពីម៉ោង8និង30នាទីយប់ ថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2020 តាមបណ្តោយផ្លូវ193កែងផ្លូវ350 ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង ។

តាមប្រភពពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី21 ខែកុម្ភៈ នៅម្តុំសាលាទួលស្វាយព្រៃ គឺមានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GY5281 បានធ្វើសកម្មភាពកាច់កញ្ចក់រថយន្តម៉ាកឡិចស៊ីស NT200 ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ ដែលចតនៅពីមុខផ្ទះបានសម្រេច ។

ប្រភពដដែលបន្តថា ហើយនេះមិនមែនកាច់តែម្តងនោះទេ គឺកាច់ជាច្រើនលើកមកហើយសុទ្ធតែឡានទំនើបតែម្តង ទើបកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវអស់ជាច្រើនថ្ងៃមកហើយ ទើបឈានទៅចាប់បានជនសង្ស័យម្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់នៅម្តុំផ្លូវ154 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រួចក៏យកទៅសួរនាំ ទើបឈានទៅចាប់បានជនសង្ស័យម្នាក់ទៀតជាអ្នកដឹកម៉ូតូធ្វើសកម្មភាព ហើយសមត្ថកិច្ចក៏បន្តសួរនាំទៅជនសង្ស័យប្រាប់ថា ធ្វើសកម្មភាពនេះចំនួន6លើកមហើយ ។

ក្រោយពេលកើតហេតុខាងលើនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)


អត្ថបទ៖ https://kohsantepheapdaily.com.kh/