មុខសញ្ញាចោរឆក់តាមដងផ្លូវចំនួន ០២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវបង្រ្កាបបាននៅក្រុងបាត់ដំបង

កាលពីថ្ងៃចន្ទ ៧កើតខែ ជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០​២២ វេលាម៉ោង ១៥និង១០ នាទី នៅចំណុចក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការចង្អុលដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោភួង ចន្ទ័តារាស្នងការរងជំនួ​យការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាលនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផង​នោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយ​ការិយាល័យនគរបាលព្រហ្មទ័ណ្ឌ កម្រិតស្រាល​នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងក្នុងការិយាល័​យ​រួមជាមួយ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស(ឆក់​យកទូរសព្ទដៃ)ចំនួន០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន ០២ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការ សាក​សួរស្រាវជ្រាវនោះគឺ៖ ឈ្មោះ សេត សុគង់ ហៅ ស្នា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង និងឈ្មោះ សុខ ស៊ីធីន ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០​២​២ វេលាម៉ោងប្រមាណ ០០និង៣០ នាទីឈានចូលថ្ងៃទី៦ខែ មិថុនា ឆ្នាំ២០២២ នៅចំណុចរង្វង់​មូលព្រះនរាយដៃប្រាំបី ស្ថិតនៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានករណី ចោរឆក់ទូរសព្ទដៃមួយកើតឡើង ដែលបង្កដោយជនសង្ស័យចំនួន ០២ នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១ គ្រឿងម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ បានធ្វើសកម្មភាព ឆក់យកទូរសព្ទដៃ ០១គ្រឿង ម៉ាក Iphone X ពណ៌សពីមនុស្សស្រីម្នាក់ ដែលកំពុងជិះម៉ូតូនិយាយទូរសព្ទ ប៉ុន្តែមិនបានសម្រេចនោះទេ។

ទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាលបាន​ចាប់ផ្តើមធ្វើការស្រាវជ្រាវភ្លាមៗ ជុំវិញព័ត៌មានដែលទទួលបាន នេះ ហើយ ឆ្លងតាមរយៈការ​ស្រាវជ្រាវ សមត្ថកិច្ចឈានទៅកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលពួកគេបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ) ទៅលើជនរងគ្រោះនៅចំណុចកើតហេតុខាងលើប្រាដកមែន ប៉ុន្តែឆក់មិនបានសម្រេចនោះទេ ហើយពេលនេះ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវឃាត់ខ្លួនតែម្តង។

ទោះបីជាបែបនេះក្តី បច្ចុប្បន្នការិយាល័យជំនាញ​បានធ្វើការកសាងសំណុំរឿងបញ្ជូនទៅសាលាដំ​បូងខេត្តបាត់ដំបងដើម្បីៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online