មុខសញ្ញាដ៏សកម្មពេលនេះអស់លក្ខណ៍ ទើបបែកធ្លាយ៤ដងហើយ
ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុខសញ្ញាចោរលួចម៉ូតូដ៏សកម្មនិងឡើងផ្ទះលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម ត្រូវកម្លាំងសមត្ថកិច្ចតាមប្រមាញ់ និងចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៦ ខែមីនាវេលាម៉ោង៥ល្ងាច ដោយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌសហការ ជាមួយកំលាំងជំនាញរបស់អធិការនគរបាលក្រុងកំពង់ចាម។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ម៉ាន ឡេះ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ 707ព.ស ចុះថ្ងៃទី16 ខែមីនា ឆ្នាំ2020 ចេញដោយលោក សាន សុភះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ពីបទលួច (លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចគ្លីនិច កែវ វណ្ណ: ស្ថិតក្នុងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
លោកស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងក្រុងកំពង់ចាម ដែលបានបាត់ម៉ូតូនៅតាមលំនៅដ្ឋាន ក៏បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចជាបន្តបន្ទាប់ ដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវរកមុខសញ្ញាចោរលួចម៉ូតូដ៏សកម្មនេះ។
លោកស្នងការរងនគរបាលខេត្តឲ្យដឹងទៀតថា តាមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចថ្នាក់ខេត្ត ក៏ដូចជាមូលដ្ឋាន រហូតដល់ស្គាល់អត្តសញ្ញាណចោរលួចម៉ូតូរូបនោះ ហើយក៏សុំដីកាពីលោកព្រះរាជអាជ្ញារង។ ក្រោយពីបានដីកានៅក្នុងដៃហើយ សមត្ថកិច្ចមិនបង្អង់តាមស្វែងរកជនសង្ស័យនេះ រហូតឈានដល់ចាប់ខ្លួនបានតែម្តង។
ផ្អែកតាមការសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពលួចម៉ូតូក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ចំនួន៤ករណី គឺ ៖
លើកទី1-ករណីលួចម៉ូតូ កាលពីថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០១៧ ពេលយប់នៅចំណុចក្នុងសំណង់ឌីឌុក ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន (ជាប់ពន្ធនាគាររយៈពេល១៨ខែ) ។
លើកទី2- ករណីលួចម៉ូតូ កាលពីថ្ងៃទ៦ មករា ២០១៩ ពេលយប់នៅចំណុចផ្ទះសំណាក់ផលឧត្តម បន្ទាប់ពីលួចបានយកទៅលក់ឱ្យជនជាតិវៀតណាមនៅព្រំដែនកម្ពុជា-វៀតណាម នៅតាមផ្លូវកាត់តាមស្រុកស្នួល ខេត្តក្រចេះ បានតម្លៃ១៥០ដុល្លារ ។
លើកទី3- ករណីលួចម៉ូតូកាលពីថ្ងៃទី២៦ សីហា ២០១៩ នៅកន្លែងផ្ញើម៉ូតូក្នុងមន្ទីរពេទ្យកុមារខេត្តកំពង់ចាម ពេលលួចបានយកទៅលក់នៅព្រំដែនកម្ពុជា-វៀតណាម ទៅតាមផ្លូវ កាត់តាមស្រុកស្នួល ខេត្តក្រចេះ បានតម្លៃ ២លានរៀល ។
លើកទី4- កណីលួចម៉ូតូកាលពីថ្ងៃទី១១ ធ្នូ ២០១៩ ពេលយប់នៅចំណុចគ្លីនិច កែវ វណ្ណៈ ស្ថិតក្នុងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ពេលលួចបានយកទៅលក់ឱ្យជនមិនស្គាល់នៅម្តុំរ៉ារទេះភ្លើង រាជធានីភ្នំពេញ បានតម្លៃ៤០០ដុល្លារ ។
ទាំង4ករណីខាងលើនេះ ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញរបស់អធិការដ្ឋាននគរបាល ក្រុងកំពង់ចាម កំពុងកសាងសំណុំរឿងតាមនីតិវិធី ។
ហើយសូមបញ្ជាក់ថា ក្រៅពីលួចកាច់សោ.កម៉ូតូដ៏សកម្មនៅក្នុងក្រុងកំពង់ចាមនេះ ជននេះក៏ជាមុខសញ្ញាឡើងលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមនាពេលយប់ៗទៀតផង៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/