មុនទិញដីរឺផ្ទះសូមមេត្តាពិនិត្យឱ្យច្បាស់! មានពលរដ្ឋ២៧គ្រួសារទៀតហើយ ដេលកំពុងរងគ្រោះរឿងទិញផ្ទះ និងដីក្នុងខណ្ឌសែនសុខ ព្រោះម្ចាស់គម្រោង…

(ភ្នំពេញ)៖ លោក ពេជ សារ៉ាត គ្រូបង្រៀនចាប៉ីដងវែង រួមនិងប្រជាពលរដ្ឋប្រមាណ ២៦គ្រួសារផ្សេងទៀត បាននិងកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ បន្ទាប់ពីពួកគេរងគ្រោះក្នុងគម្រោងទិញផ្ទះ និងដីបង់រំលោះ តែទីបំផុតម្ចាស់គម្រោងសង់ផ្ទះ និងលក់ដីឡូតិ៍រត់ចោលគម្រោងទុកឱ្យសំណង់ផ្ទះល្វែងរ៉ាំរ៉ៃកណ្តាលទី។

លោក ពេជ សារ៉ាត និងប្រជាពលរដ្ឋដែលរងគ្រោះ បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះថា កាលពីឆ្នាំ២០១៨ រូបលោក និងប្រជាពលរដ្ឋដទៃទៀតដែលអ្នកខ្លះជាគ្រូបង្រៀនផងនោះ បាននាំគ្នាទៅទិញផ្ទះល្វែងស្ថិតនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ គម្រោងផ្ទះល្វែងនេះ មានលោកស្រី អ៊ុង សុភា និងលោក ឯម សុខពៅ មន្ត្រីយោធាពាក់ផ្កាយ ជាម្ចាស់គម្រោង។

លោក ពេជ សារ៉ាត បានអះអាងថា ផ្ទះល្វែងដែលលោក និងប្រជាពលរដ្ឋបានទិញនេះ មានទំហំ ៤.២ម៉ែត្រ គុណនឹង ១៤ម៉ែត្រ មានតម្លៃចន្លោះពី ៣៩,០០០ដុល្លារអាមេរិក ទៅ ៤៥,០០០ដុល្លារ។ ពេលទិញដំណាក់កាលដំបូងនោះ រូបលោក និងប្រជាពលរដ្ឋដទៃទៀត ត្រូវបានម្ចាស់គម្រោងផ្ទះល្វែងតម្រូវឱ្យបង់ក្នុងលក្ខខណ្ឌផ្សេងៗគ្នា អ្នកខ្លះបង់ដំណាក់កាលដំបូង ៣០ភាគរយ អ្នកខ្លះ ៥០ភាគរយ និងបង់ប្រចាំខែជាបន្តបន្ទាប់។ អ្នកខ្លះទៀតបង់ដំណាក់ដំបូងហើយ មិនបង់ប្រចាំខែ ដោយរង់ចាំផ្ទះសាងសង់ជិតរួចទើបបង់ប្រាក់បង្គ្រប់តែម្តង។

សម្រាប់លោក ពេជ សារ៉ាត បានបង់ដំណាក់កាលដំបូងអស់ប្រាក់ជាង ១ម៉ឺនដុល្លារអាមេរិក ហើយនៅសល់ប្រមាណ ២៧,០០០ដុល្លារ ត្រូវបង់ពេលផ្ទះសាងសង់រួចរាល់។ ខណៈអ្នកទិញខ្លះទៀត បានបង់ដំណាក់កាលដំបូងរហូតដល់ជាង ២ម៉ឺនដុល្លារ ហើយត្រូវបង់ប្រចាំខែរហូតដល់ជាង ៥០០ដុល្លារបន្ថែមទៀតផង។

ជម្រកជាតម្រូវការចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប។ ទាំងរូបលោក ពេជ សារ៉ាត ក៏ដូចជាអ្នកទិញដទៃទៀត សុទ្ធតែមានក្តីត្រេកអរ និងរំពឹងមុតមាំថា បានចូលរស់នៅក្នុងផ្ទះ ដែលពួកគេស្វះស្វែងរកប្រាក់មកបង់នោះនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១៩ ដូចអ្វីដែលម្ចាស់គម្រោងបានសន្យានៅពេលចាប់ផ្តើមទិញ។

សម្រាប់លោក ពេជ សារ៉ាត បំណងនៃការទិញផ្ទះនេះមិនត្រឹមតែសម្រាប់ការរស់នៅនោះទេ លោកចង់យកផ្ទះនេះបើកន្លែងបណ្តុះបណ្តាលចាប៉ីដងវែង និងសិល្បៈបុរាណផ្សេងៗទៀតថែមទៀតផង។

លោក ពេជ សារ៉ាត បានបញ្ជាក់ដូច្នេះ «ទិញហ្នឹងក្នុងបំណងបើកថ្នាលបណ្តុះបណ្តាលចាប៉ី ឆៃយុាំ ខាងភ្លេងមហោរី។ គ្រូៗដែលស្គាល់ជាមួយខ្ញុំហ្នឹង គាត់សហការរីករាយជួយស្ម័គ្រចិត្តមកបង្រៀន»

គ្រូចាប៉ីដងវែងរូបនេះបន្ថែមថា «គិតថាលាហើយផ្ទះជួល បានផ្ទះរស់នៅ សុខដុមរមនា។ សំខាន់ខ្ញុំចង់សម្រេចការសន្យាធ្វើឱ្យសិល្បៈនៅទីនេះរីកសុសសាយដល់ប្រជាជននៅទីនេះទាំងកុមារ ទាំងយុវជន»

តែក្តីរំពឹងត្រូវបានរលាយ ការត្រេកអរប្រែជាក្តីកង្វល់ទៅវិញសម្រាប់លោក ពេជ សារ៉ាត និងអ្នកទិញដទៃទៀត ព្រោះតែដំណើរការសាងសង់ផ្ទះនេះត្រូវបានគេផ្អាកសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ ខណៈដែលផ្ទះសាងសង់បានប្រមាណជា ៥០ភាគរយទៅហើយ។ មិនត្រឹមតែផ្ទះត្រូវបានផ្អាកការសាងសង់នោះទេ ទីតាំងដីដែលសាងសង់ផ្ទះនោះ ត្រូវបានលោកស្រី អ៊ុង សុភា និងលោក ឯម សុខពៅ ជាម្ចាស់គម្រោង បានយកទៅលក់ឱ្យអ្នកផ្សេងថែមទៀត ទាំងអ្នកទិញផ្ទះនេះមិនបានដឹងរឿងអ្វីនោះឡើយ។

លោក ពេជ សារ៉ាត បានរៀបរាប់ជាមួយអារម្មណ៍សោកសៅថា «កាលទិញណុងលុយខ្ញុំជាង ៤០លានរៀល ដែលខ្ញុំសន្សំ ដែលខ្ញុំជាមន្ត្រីរាជការ ជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ា ហ៊ុចឱ្យអ្នកវិនិយោគទាំងញ័រដៃក្នុងម៉ាស៊ីនត្រជាក់ និយាយមិនកុហកទេ។ និយាយទៅរំភើបចិត្ត មោទនភាព ដែលខ្លួនខិតខំផ្សែផ្សំទិញបានផ្ទះនេះ។ ឪពុកម្តាយខ្ញុំសួរខ្ញុំរហូត ប៉ុន្តែខ្ញុំចេះតែលាក់គាត់ គាត់សួរថាផ្ទះដល់ណាហើយកូន? ខ្ញុំថាម៉ែអើយ ផ្ទះហ្នឹងជាងធ្វើមួយៗ មិនជួបជុំគ្នាច្រើនទេ ដោយសារកូវីដ។ ខ្ញុំចេះតែភូតគាត់ ព្រោះគាត់មានវ័យជាង ៨០ឆ្នាំទៅហើយ ខ្ញុំមិនចង់ឱ្យគាត់ពិបាកចិត្តទេ រឿងផ្ទះនេះ»

បច្ចុប្បន្នទីតាំងដីសាងសង់ផ្ទះនេះ ត្រូវបានលោកស្រី អ៊ុង សុភា និងលោក ឯម សុខពៅ លក់ទៅឱ្យឈ្មោះ គីម សៀងស៊ូ ដែលជាអគ្គនាយកមីក្រូហិរញ្ញវត្ថុ «Prime»។ ម្ចាស់ថ្មីនៃទីតាំងដីថ្មីនេះ មិនទាន់មានពន្លឺដំណោះស្រាយអ្វីជាមួយអ្នកដែលបានទិញផ្ទះ និងដីនៅទីនោះនៅឡើយទេ។ តែធ្លាប់បានបង្ហើបថា ប្រសិនបើអ្នកទិញផ្ទះនៅទីនោះចង់បានផ្ទះ គឺត្រូវបង់ថវិកាបន្ថែមលើតម្លៃផ្ទះដែលពួកគេបានព្រមព្រៀងទិញជាមួយម្ចាស់ចាស់ រហូតដល់ទៅជាង ១ម៉ឺនដុល្លារបន្ថែមទៀត។

លោក ពេជ សារ៉ាត និងអ្នកទិញផ្ទះដទៃទៀត ដែលខិតខំប្រមែប្រមូលលុយទាំងលំបាកមកទិញផ្ទះនេះ បានស្នើសុំអាជ្ញាធរជួយរកដំណោះស្រាយជូនពួកគេ។ ពួកគេបានស្នើសុំនូវលក្ខខណ្ឌចំនួន៤ចំណុចរួមមាន៖

១៖ ស្នើសុំម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «Prime» សាងសង់ផ្ទះឱ្យភាគីអ្នកទិញឱ្យចប់តាមកិច្ចសន្យាទិញលក់ចាស់
២៖ បើភាគីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអាចសាងសង់ទេ នោះភាគីអ្នកទិញអាចសាងសង់បញ្ចប់ទៅតាមលទ្ធភាពរៀងៗខ្លួន ដោយត្រូវកាត់កងជាមួយតម្លៃផ្ទះដែលនៅសេសសល់ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
៣៖ ភាគីអ្នកទិញ តម្រូវឱ្យភាគីមីក្រូហិរញ្ញវត្ថុរៀបចំកិច្ចសន្យាទិញ-លក់ឡើងវិញ ដែលកិច្ចសន្យានោះ ត្រូវតែលម្អិត មានការដឹងឮពីអាជ្ញាធរ មានមេធាវី និងអ្នកឯកទេសផ្នែកអចលនទ្រព្យជំនាញខាងផ្នែកទិញ-លក់ជាអ្នកជួយមើល និងរៀបចំឯកសារឱ្យភាគីអ្នកទិញ។
៤៖ ភាគីខាងមីក្រូហិរញ្ញវត្ថុរៀបចំធ្វើការកាត់ប្លង់រឹងជូនម្ចាស់ផ្ទះនីមួយៗទៅតាមកិច្ចសន្យាចាស់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកបានទទួលរួចហើយ ហើយក៏បានបញ្ជូនទៅខាងសាលារាជធានីរៀបចំចាត់ចែងដោះស្រាយជូនពួកគាត់ផងដែរ។

លោកអភិបាលខណ្ឌសែនសុខ បានគូសបញ្ជាក់បែបនេះថា «បាទខ្ញុំបានទទួលហើយបញ្ហារបស់គាត់ ហើយក៏បានបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញផងដែរ។ បច្ចុប្បន្នខាងសាលារាជធានីភ្នំពេញ កំពុងពន្លឿនការដោះស្រាយជូនពួកគាត់ យើងមិនបានទុកបញ្ហារបស់ពួកគាត់ចោលនោះទេ»

បើតាមលោក ម៉ូវ ម៉ានិត បញ្ហានេះ មានភាពស្មុគស្មាញបន្តិច ដោយសារតែម្ចាស់សំណង់ផ្ទះល្វែងចាស់នោះបានរត់គេចខ្លួនមិនចូលដោះស្រាយ ហើយប្លង់ក្បាលដីខ្លះត្រូវបានលក់ឱ្យអ្នកដទៃ និងប្លង់ដីខ្លះទៀត ត្រូវបានដាក់នៅធនាគារ។

លោកអភិបាលខណ្ឌដែលតែងតែតម្កល់បញ្ហារបស់ប្រជាពលរដ្ឋជាធំរូបនេះ បានបញ្ជាក់ដែរថា បច្ចុប្បន្នសាលារាជធានីបានបញ្ជូនបញ្ហាទៅខាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យលើបញ្ហា និងរៀបចំចាត់ចែងដោះស្រាយជូនអ្នកដែលបានទិញផ្ទះ និងដីនេះ។

សូមបញ្ជាក់ថា បញ្ហាទិញផ្ទះ និងដី ហើយជួបបញ្ហាដូចករណីខាងលើនេះ បានកើតមានជាច្រើនករណីមកហើយ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋថា មុននឹងទិញផ្ទះ និងដីបង់រំលោះ ត្រូវពិនិត្យពិច័យឱ្យបានច្បាស់ពីប្រវត្តិរបស់ម្ចាស់អចលនទ្រព្យ ក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងៗជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីចៀសវាងការខាតបង់ថវិកា៕

By: Bonny From : Fresh News