មុននឹងទាញយកកម្មវិធីណាមួយមកប្រើ ប្រយ័ត្នប៉ះចំមេរោគ!

ជារឿយៗនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែងតែបានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធី ជាពិសេសកម្មវិធីដែលលោកអ្នកមិនត្រូវការចាំបាច់ ដោយសារតែកម្មវិធីទាំងនោះអាចធ្វើឱ្យទូរសព្ទរបស់លោកអ្នកមានដំណើរការយឺតហើយថែមទាំងអាចបង្កប់មកជាមួយនឹងកម្មវិធីមេរោគផងដែរ។ ដូចជាកាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ កម្មវិធីក្លែងក្លាយមួយចំនួន ដែលមានបង្កប់ជាមួយនឹងកម្មវិធីមេរោគនៅក្នុង Google Play Store ហើយដែលត្រូវបានទាញយកប្រមាណ ៥០ម៉ឺនដង។ កម្មវិធីមួយចំនួននោះអាចលួចទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ និងអាចទាញយកព័ត៌មានដែលផ្ដល់តាមរយៈ Notifications។

ប៉ុន្តែអ្វីដែលកាន់តែគ្រោះថ្នាក់នោះគឺ នៅពេលដែលអ្នកប្រើប្រាស់ទាញយកកម្មវិធីពីប្រភពផ្សេងៗទៀតក្រៅពីប្រភពផ្លូវការរបស់ក្រុមហ៊ុន មានដូចជាតាមរយៈសារឬបណ្ដាញទំនាក់ទំនងសង្គម។ ជាឧទាហរណ៍ក្រុមអ្នកស្រាវជ្រាវបានរកឃើញកម្មវិធី GBWhatsApp, OBWhatsApp និង WhatsApp Plus ដែលក្លែងបន្លំថាជាកម្មវិធី WhatsApp ដែលមានបន្ថែមនូវមុខងារមួយចំនួនមានដូចជា Call blocking និងអាចប្រើបានជាមួយនឹងភាសាអារ៉ាប់ ប៉ុន្តែតាមការពិតកម្មវិធីទាំងនោះគឺជាកម្មវិធីដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់តែប៉ុណ្ណោះ។

ដើម្បីជៀសវាងការទាញយកកម្មវិធីដែលបង្កប់ជាមួយមេរោគ Malware នោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកទាញយកកម្មវិធីដោយផ្ទាល់ពី កម្មវិធីផ្លូវការរបស់ក្រុមហ៊ុនទូរសព្ទ។ ម្យ៉ាងវិញទៀតលោកអ្នកគួរតែពិនិត្យការវាយតម្លៃរបស់អ្នកប្រើប្រាស់មុនពេលទាញយកកម្មវិធី និងសូមប្រយ័ត្នចំពោះការអនុញ្ញាតដែលបានស្នើសុំ (permission requested) ដោយកម្មវិធីកំឡុងពេលដំឡើង ជាពិសេសទាក់ទងទៅនឹងការស្នើសុំតាមដានទីតាំង៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online