មូលហេតុអ្វី បានជាអគ្គនាយកដ្ឋានពន្ធដា កំណត់យកពន្ធលើផ្ទៃដីដែលនៅទំនេរ និង…

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធដែលកំពុងអនុវត្តជាធរមាន នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ត្រូវបានបែងចែកជាច្រើនដូចជា៖ ពន្ធលើប្រាក់ចំណូល, ប្រាក់ចំណូលជាប់ពន្ធ, ពន្ធកាត់ទុក, ពន្ធលើប្រាក់បៀវត្ស, ពន្ធអាករលើតម្លៃបន្ថែម, ពន្ធប៉ាតង់, ពន្ធប្រថាប់ត្រា, ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាដើម។ តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ គេកំណត់លើប្រភេទដីអ្វីខ្លះ? តើហេតុអ្វីបានជាដីដែលទុកចោល ត្រូវបាន អគ្គនាយកពន្ធដារ កំណត់ ក្នុងការយកពន្ធដែរ។
យោងតាមលោក រស់ សារ៉ាក់ ប្រធានការិយាល័យអចលនទ្រព្យ នៃនាយកដ្ឋានពន្ធអចលនទ្រព្យ និងអចលនទ្រព្យអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការយកពន្ធលើដីមិនប្រើប្រាស់ គឺទប់ស្កាត់កុំឱ្យទិញដីទុករង់ចាំដីឡើងថ្លៃ។
លោកបានបញ្ជាក់ថែមទៀតថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់គឺគេកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់សិ្ថតក្នុងនៅក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។
នៅពេលដែលយើងបោះបង់ដី ដោយមិនបានប្រើប្រាស់ដែលត្រូវបានកំណត់ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ស្របតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ ហើយមិនបានបង់ពន្ធតាមពេលវេលាកំណត់ នឹងត្រូវមានទោសទណ្ឌ និងការផាកពិន័យទៅតាមច្បាប់ពន្ធដាររបស់កម្ពុជា។នេះបើតាមការបញ្ជាក់របស់លោក រស់ សារ៉ាត់។
គួររំលឹកថា ប្រភេទដីធ្លីដែលត្រូវបានគិតពន្ធរួមមាន៖ ដីទុកទំនេរចោល ឬទុកលក់យកចំណេញមិនបានប្រើប្រាស់បង្កើនផលទេ មិនបង្កើនសកម្មភាពសេដ្ឋកិច្ច ឬកម្លាំងការងារ ស្របតាមការកំណត់របស់រដ្ឋ ហើយពុំមានលក្ខណៈណាមួយនៃលក្ខណៈ៥ចំណុចដូចមានចែងក្នុងមាត្រា២២៤ និងសារាចរណែនាំ០១៧ គឺអចលនទ្រព្យនោះត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើបា្រស់។ ហើយដីទាំងឡាយណាដែលមិន មែនជាកម្មវត្ថុនៃការជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់មានដូចជា៖
១.ដីដែលមានសំណង់ស្ថិតនៅតំបន់លំនៅដ្ឋាន ដែលជាកម្មសិទ្ធករប្រើប្រាស់ជាកន្លែងស្នាក់នៅជាសំខាន់របស់ខ្លួន។
២. ដីជួលដែលមានសំណង់ មានការកាន់កាប់
៣. ដីដែលមានសម្មភាពសេដ្ឋកិច្ច ស្របតាមការកំណត់តំបន់របស់រដ្ឋ
៤. ដីជាកម្មសិទ្ធរបស់រដ្ឋ ដែលបានជួលឲ្យរូបវន្តបុគ្គល និងនីតិបុគ្គលណាមួយ ហើយដីនោះមាន លក្ខណៈណាមួយនៃចំណុចទាំង៣ខាងលើ។
៥.ដីស្ថិតក្រោមកិច្ចព្រមព្រៀងការវិនិយោគ និងជាដីសប្បទានដែលអនុញ្ញាតដោយក្រុមប្រឹក្សាកម្ពុជា CDCមិនទាន់បានចាប់ផ្តើមដំណើរការ។
មូលដ្ឋានកំណត់ពន្ធគឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។
ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។
កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ចត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស ០១ច្បាប់។




ដោយ: Bonny អត្ថបទ: BUSINESS CAMBODIA