មួយករណីទៀតហើយ!ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីឆបោកប្រាក់តាមបណ្តាញទូរសព្ទ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន២០ករណីទៀត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើនិងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរសព្ទដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឱ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យ៖ ១-ឈ្មោះ សុខ ចាន់ថា ហៅថា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ចៃ ឆេងលី ហៅចេក ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ សៀ វេងស្រៀង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ៤-ឈ្មោះ ខុន ប្រុសពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះសំណាក់ឌីមនោរម្យលេខ៣៣១ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅអយ្យការអមសាលាដំបូងនៃរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក បើមានករណីនេះកើតឡើងសូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។



