មួយក្រុមព្រួតគ្នាចាក់បុរសម្នាក់កំពុងរាំក្នុងពិធីមង្គលការ
ខេត្តកំពង់ធំ ៖ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុមចាក់បណ្តាលឱ្យបាត់បង់ជីវិតក្នុងទំនាស់ពេលរាំធុងបាស់ក្នុងពិធីមង្គលការមួយ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន៤នាក់។

កើតឡើងកាលពីវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចរោងការមួយកន្លែង ស្ថិតក្នុងភូមិចាន់ ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ជនរងគ្រោះម្នាក់ខាងលើឈ្មោះ ងិន ភារិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានចូលរួមផឹកស៊ីក្នុងពិធីមង្គលការ លុះនៅពេលកំពុងរាំបទញាក់ៗ ស្រាប់តែក្រុមជនសង្ស័យបានយកវត្ថុមុខស្រួចចាក់ពីក្រោយចំឆ្អឹងជំនីរខាងស្តាំ បណ្តាលអោយជនរងគ្រោះរបួសធ្ងន់ ហើយក៏បានបាត់បង់ជីវិតតាមផ្លូវ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន ១-ឈ្មោះ ឈីន រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអមទង ឃុំពង្រ ស្រុកតាំងគោក របួសជាំភ្នែកខាងស្តាំ ២-ឈ្មោះ កៅ ចន្តា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក រងរបួសបែកចង្កា ៣-ឈ្មោះ យ៉ាន សុភា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា មិនមានរបួស និង៤-ឈ្មោះ ណាត ណាឡុច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសបែកចិញ្ចើមខាងស្តាំ ។ ជនសង្ស័យទាំងបួននាក់ខាងលើនេះមានមុខរបរជាកម្មករជាងឈើ ។

លោកវរសេនីយ៍ទោ សន តាល់ អធិការនគរបាលស្រុកតាំងគោក បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅពេលល្ងាចក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យមានទំនាស់នឹងគ្នាម្តងហើយ តែត្រូវបានសម្របសម្រួលគ្នាចប់ហើយ លុះដល់ពេលយប់ ក្រុមជនសង្ស័យប្រហែលជាកើតទុក្ខមិនសុខចិត្ត ក៏នាំគ្នាមកម្តងទៀត ហើយចូលទៅចាក់ចំជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកក៏បានបាត់បង់ជីវិត ចំណែកក្រុមជនបង្កត្រូវបានអ្នកចូលរួមរាំក្នុងពិធីមង្គលការព្រួតគ្នាវាយ បណ្តាលឲ្យរងបួសមួយចំនួន។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចសន្និដ្ឋានថា ករណីអំពើហិង្សាដោយចេតនាមានអាវុធនិងបក្សពួកផ្តើមចេញទំនាស់ក្នុងវង់រាំ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/