មួយរយៈចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាលំដាប់ បន្ទាប់ពីបើកប្រទេសឡើងវិញ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ប្រសាសន៍ខាងលើសម្តេចក្រឡាហោម ស ខេងបានលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅថ្ងៃទី២៥ មករា ២០២២ក្នុងពិធីប្រគល់រថយន្តចំនួន១៩គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ទី២ និងទី៣ នាបរិវេណទីស្តីការអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចក្រឡាហោម បានលើកឡើងនូវបញ្ហាប្រឈមមួយ គឺបញ្ហាចរាចរណ៍ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកោតសរសើរ ប៉ុន្តែដោយឡែកមួយរយៈចុងក្រោយនេះ បើតាមរបាយការណ៍គឺមានការកើនឡើងជាលំដាប់ បន្ទាប់ពីមានការបើកប្រទេសឡើងវិញ។
សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិដែលប្រើប្រាស់ផ្លូវថ្នល់ ជាម្ចាស់យានយន្តគ្រប់ប្រភេទ សូមលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ថែមទៀត ។
សម្តេចក្រឡាហោម ក៏ស្នើដល់មន្ត្រីនគរបាលជាតិ ត្រូវយកចិត្តទុកដាក់បន្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែល្អប្រសើរ កុំមានការធ្វេសប្រហែសឡើយ៕
រូបភាព ៖នាយកដ្ឋានព័ត៌មានវិទ្យា