ម្ចាស់មិននៅ គាស់ខ្ទេចគាស់ខ្ទីយកអស់គ្មានសល់
ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មានករណីជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋចូលលួចយកទ្រព្យសម្បត្តិមានតម្លៃអស់រាប់ពាន់ដុល្លារ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះដែលជាម្ចាស់ផ្ទះឈ្មោះ ងយ វិជ្ជនី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ ។

តាមសេចក្តីរាយការណ៍បានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ដែកចំរឹងបង្អួច ចូលក្នុងផ្ទះ ដែលម្ចាស់ចាក់សោទ្វារចោលមិននៅ (ដោយម្ចាស់ផ្ទះច្រើនទៅដេកនៅគ្លីនិកក្បែរផ្សារ) ។

តាមសេចក្តីរាយការណ៍បានបន្តទៀតថា បន្ទាប់ពីជនសង្ស័យចូលដល់ក្នុងផ្ទះរួចហើយក៏ឆ្កឹះយកឧបករណ៍ម៉ាស៊ីនផ្ទុកទិន្ន័យកាមេរ៉ាសុវត្ថិភាព រួចវាយបំបែកទូដែកផ្នែកខាងក្រោយ លួចយករបស់មានតំលៃមួយចំនួនមានដូចជា លុយចំនួន៣ពាន់ដុល្លារ, ចិញ្ចៀនប្លាទីនរូបក្បាលពស់មានដាំត្បូងពេជ្រ១វង់, ខ្សែដៃមាស២ខ្សែ និងកងប្លាទីនចំនួន៣មានទម្ងន់៣ជី ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាន នឹងកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ប្រភព៖ https://kohsantepheapdaily.com.kh/