ម្ចាស់ហាងទូរស័ព្ទយំលែងចេញ ខណៈប្រមូលអស់ជាង២០០គ្រឿង
ខេត្តកំពង់ចាម ៖ ហាងលក់ទូរសព្ទដៃយីហោ «អេន ណា» ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវបានជនសង្ស័យមួយក្រុមនាំគ្នាគាស់ដំបូលផ្ទះ រួចបានចុះមកជាន់ផ្ទាល់ដីគាស់ទូកញ្ចក់យកទូរសព្ទដៃជាច្រើនប្រភេទសរុបជាង២០០គ្រឿង មានតម្លៃប្រមាណ៤ទៅ៥ម៉ឺនដុល្លារ ហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាចន្លោះម៉ោង១២យប់រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២០ ជាមួយនោះគេបានឃើញកម្លាំងអាវុធហត្ថក្រុងកំពង់ចាម និងកម្លាំងនគរបាលបានចុះមកសួរនាំម្ចាស់ហាងផងដែរ។

អ្នកស្រីខេង ចិន្ដា អាយុ៣៣ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទកើតហេតុបានរៀបរាប់ឲ្យដឹងថាជាធម្មតានៅវេលាម៉ោង៧ព្រឹកគាត់តែងតែក្រោកពីដំណេករៀបចំរុញទូកញ្ចក់និងរបស់របរដាក់លក់នៅមុខផ្ទះ ហើយនៅវេលាម៉ោងប្រមាណជា៨យប់នឹងរុញទូចូលក្នុងផ្ទះវិញ ដើម្បីរៀបចំសម្រាក។

ម្ចាស់ហាងលក់ទូរស័ព្ទបានប្រាប់បន្តថា នៅព្រឹកព្រលឹមថ្ងៃទី២៧ កុម្ភៈ ប្អូនប្រុសរបស់គាត់បានបើកទ្វារដែកនៅជាន់ផ្ទាល់ដី ដើម្បីរៀបចំលក់ដូរ ស្រាប់តែឃើញទូកញ្ចក់ដាក់លក់ទូរស័ព្ទដៃរាប់រយគ្រឿងត្រូវបានរបើកសោចំនួន២ទូ លុះពេលអើតមើលទៅ ទើបដឹងថាបាត់ទូរស័ព្ទអស់ជាច្រើនប្រភេទ សរុបចំនួនជាង២០០គ្រឿង ត្រូវបានជនសង្ស័យលួចយកទៅបាត់អស់ បើសរុបគិតជាទឹកប្រាក់វិញមានតម្លៃប្រមាណពី៤ទៅ៥ម៉ឺនដុល្លារឯណោះ ។

ម្ចាស់ហាងលក់ទូរស័ព្ទបានប្រាប់បន្តថា កាលពីយប់ថ្ងៃទី២៦ កុម្ភៈ នៅក្នុងហាងមាន គាត់កូនតូចរួមនឹងប្អូនប្រុសបង្កើតម្នាក់ដេកនៅលើឡៅតឿ ហើយប្ដីមិនបាននៅផ្ទះនោះទេ។ទ្វារកណ្ដាលនៅជាន់ក្រោមផ្ទាល់ដីមិនបានបិទ ។ ប្រសិនណាបើទ្វារដែកនៅជាន់ក្រោមបិទ ជនសង្ស័យក៏មិនអាចចូលមកលួចយកទូរសព្ទដៃបាននោះទេ ហើយមូលហេតុដែលមិនបិទទ្វារដែកនៅជាន់ក្រោមនេះ គឺដោយសារតែខ្លាចមានគ្រោះអគ្គីភ័យណាមួយកើតឡើងនៅពេលយប់ដោយចៃដន្យពិបាកនឹងរត់ ។ ចាប់តាំងពីពេលដែលគាត់បានជួលផ្ទះល្វែងធំនេះមានចំនួន៣ជាន់ ដើម្បីបើកលក់ទូរស័ព្ទដៃនៅក្នុងក្រុងកំពង់ចាម រហូតមកដល់ពេលនេះមានរយៈពេលចំនួន៣ខែហើយ។ ជាមួយនោះ ប្ដីរបស់គាត់គ្រោងនឹងបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះដែរ តែមិនទាន់បានបំពាក់ផង ក៏ស្រាប់តែមានជនសង្ស័យគាស់ដំបូលផ្ទះពីជាន់លើចុះមកយកទូរស័ព្ទបែបនេះតែម្តង ។ ជាមួយនោះគាត់បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យដែលគាស់ដំបូលផ្ទះមកលួចយកទូរស័ព្ទដៃរបស់គាត់ផងដែរ។

ចំណែកបុរសម្ចាស់ផ្ទះម្នាក់វ័យជាង៤០ឆ្នាំបានប្រាប់ថា ដំបូងក្រុមជនសង្ស័យបាននាំគ្នាគាស់ក្បឿងផ្ទះរបស់គាត់ក្នុងគោលបំណងដើម្បីចុះលួចរបស់ទ្រព្យនៅក្នុងផ្ទះ ប៉ុន្តែដោយសារខាងក្រោមមានពិតានបេតុងចុះមិនកើតទើបចោល រួចក៏នាំគ្នាមកគាស់ដំបូលផ្ទះហាងលក់ទូរស័ព្ទដៃយីហោ «អេនណា» ដែលនៅរំលងពីផ្ទះគាត់ចំនួន២ល្វែង ។ ក្រុមជនសង្ស័យទាំងនោះបន្ទាប់ពីលួចយកទូរសព្ទដៃបានក៏នាំគ្នាឡើងមកជាន់លើវិញយកទូរស័ព្ទទៅបាត់អស់ ទុកតែសំបកប្រអប់តែប៉ុណ្ណោះ ។ ក្រុមជនសង្ស័យថែមទាំងបន្ទោបង់នៅត្រង់ទ្វារដែកជណ្ដើរផ្ទះគាត់ និងហាងលក់ទូរសព្ទដៃនៅជាន់លើបង្អស់ រួចនាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ដោយមិនដឹងថាក្រុមជនសង្ស័យឡើងមកតាមណាឲ្យពិតប្រាកដនោះទេ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅពេលទទួលបានសេចក្តីរាយការណ៍ពីកម្លាំងមូលដ្ឋានមកថា ហាងលក់ទូរសព្ទដៃយីហោ «អេនណា» ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ត្រូវក្រុមជនសង្ស័យចូលលួចយកទូរស័ព្ទដៃអស់ចំនួនជាង២០០គ្រឿងរួចមក កម្លាំងសមត្ថកិច្ចក៏បានចុះទៅពិនិត្យមើលនៅផ្នែកខាងលើគេបង្អស់ ឃើញមានកេសក្រដាស និងប្រអប់ដាក់ទូរស័ព្ទដៃជាច្រើនប្រភេទនៅរាយប៉ាយ រួចក៏បានប្រមូលចុះមកជាន់ផ្ទាល់ដីវិញ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យដែលគាស់ដំបូលផ្ទះនេះអាចមានគ្នាចាប់ពី២នាក់ឡើង ជាមួយនោះដកហូតបានមានអង្រឹងក្រណាត់ដែលជនសង្ស័យធ្វើជាខ្សែចងចុះពីជាន់ទី៣មកជាន់ទី១ ហើយពេលដែលជនសង្ស័យលួចបាន អាចដើរតាមដំបូលដែកស័ង្កសីជាន់ក្រោមផ្ទាល់ដីរួចតោងតាមដែកបំពង់ទីបចុះមកក្រោមរួចគេចខ្លួនបាត់ ។

ក្រោមបញ្ជាររបស់លោកអធិការនគរបាលក្រុងនិងស្នងការនគរបាលខេត្តរួចមក កម្លាំងសមត្ថកិច្ចកំពុងតែយកចិត្តទុកដាក់ស៊ើបអង្កេតស្រាវជ្រាវជុំវិញករណីនេះ៕ (កែសម្រួលដោយ ៖ ធីតា)




អត្ថបទ៖ https://kohsantepheapdaily.com.kh/