ម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសត្រៀមប្រារព្ធពិធីធំជាប្រវត្តិសាស្ត្រ នាថ្ងៃទី១៨ ខែធ្នូខាងមុខនេះ

CAMSOC-ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរកតតេជោ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ពិធីរាប់ថយក្រោយ៥០០ថ្ងៃ និងយុទ្ធនាការជាតិផ្សព្វផ្សាយពីដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំលម្អិត និងដោះស្រាយបញ្ហាសេសសល់មួយចំនួននេះ សម្តេចពិជ័យសេនាក៏ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែមពីសម្តេចតេជោ ហ៊ុន សែន ជុំវិញពីការចូលរួមពីមហាជន ក្នុងរង្វង់ ១៥០០០នាក់ នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រ នាថ្ងៃទី១៨ធ្នូឆាប់ៗខាងមុខនេះ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នៅក្នុងផ្នែកនីមួយៗ គឺមានការទទួលខុសត្រូវខ្ពស់ ទាំងផ្នែកសន្តិសុខ សណ្តាប់ឆ្នាប់ ជាពិសេសគឺលើផ្នែករៀបចំដែលមានចំនួនមនុស្សចូលរួមច្រើនជាង ១ម៉ឺននាក់ ដែលនេះជាលើកដំបូង នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ ដោយត្រូវរៀបចំទុកជាមុនឲ្យបានល្អប្រសើរ រួមទាំងការអនុវត្តនូវវិធានការសុវត្ថិភាពពីជំងឺកូវីដ-១៩ផងដែរ។ ដោយឡែកនៅក្នុងពិធីសម្តែងសាកល្បង ថ្ងៃនេះ យើងបានរៀបចំផ្នែកនីមួយៗមានភាពរលូន ដោយមានក្រុមសម្តែងគ្រប់គ្រាន់ ហើយត្រូវបន្តសម្តែងការសាកល្បង២ទៅ៣ដងទៀត មុនដល់ថ្ងៃពិធីផ្លូវការ ១៨ខែធ្នូ ពីព្រោះពិធីធំនេះគឺត្រូវការពេលវេលា និងកែសម្រួលខ្លះៗ។ ជារួម គឺការសម្តែងសាកល្បង និងគ្រប់ផ្នែកផ្សេងៗទៀតដំណើរការដោយរលូន មិនមានអ្វីជាបញ្ហាធំនោះឡើយ។

ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការបច្ចេកទេសទាំងអស់ ព្រមទាំងបានកោតសរសើរចំពោះកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីទាំងអស់កំពុងប្រឹងប្រែងហាត់សម និងចូលរួមប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ពិសេសគឺលោកគ្រូ អ្នកគ្រូក៏កំពុងខិតខំយ៉ាងសកម្មបំផុត។ «ដូច្នេះគ្រប់ផ្នែកទាំងអស់ទទួលបានការលើកចិត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ដោយការអញ្ជើញចុះមកដឹកនាំដោយផ្ទាល់នេះ បានជំរុញឲ្យស្មារតីគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងធ្វើអស់ពីចិត្ត ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យ ហើយឆ្លើយតបនៅនឹងមហាកិត្តិយសជាតិ មហាកិត្តិយសនៃវិមានកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតករបស់សម្តេចតេជោ សម្រាប់ជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប»។ នេះជាការបញ្ជាក់បន្ថែមចុងក្រោយរបស់ឯកឧត្តម វ៉ាត់ ចំរើន៕