ម្នាក់ៗស្រឡាំងកាំង! ចាប់ចោរយកទៅឃុំក្នុងបន្ទប់ ស្រាប់តែបាត់ទាំងជាប់ខ្នោះ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិក្នុងរថយន្តយ៉ាងសកម្ម ហើយត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានរួចនាំយកទៅប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋចោមចៅទី១ដើម្បីចាត់ការតាមច្បាប់ ។ បន្ទាប់មកនគរបាលបានយកជនសង្ស័យទៅឃុំខ្លួននៅក្នុងបន្ទប់ជាន់ទី១ រួចហើយនគរបាលចុះមកធ្វើការងារនៅខាងក្រោមភ្លេចខ្លួន ស្រាប់តែជនសង្ស័យម្នាក់នោះលួចរត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះ ដោយពុំដឹងថារត់ចេញតាំងពីពេលណានិងតាមរបៀបណានោះឡើយ។

ហេតុការណ៍ខាងលើនោះបានធ្វើឲ្យមន្ត្រីនគរបាលខាងលើមានភាពស្រឡាំងកាំងគ្រប់ៗគ្នានិងបានកើតឡើងកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងប៉ុស្តិ៍នគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលជាជនសង្ស័យម្នាក់ខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយគ្រាន់តែដឹងថា គឺជាមុខសញ្ញាដែលតែងតែធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិក្នុងរថយន្តយ៉ាងសកម្ម ដោយសារមានការបាត់បង់ទ្រព្យសម្បត្តិញឹកញាប់ពេក ទើបប្រជាពលរដ្ឋឃ្លាំមើលរហូតចាប់ខ្លួនបានតែម្ដង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យម្នាក់ខាងលើបានធ្វើសកម្មភាពគាស់ទ្វាររថយន្ត១គ្រឿងដែលម្ចាស់ចតទុកនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ លួចទ្រព្យសម្បត្តិ ។ ពេលនោះក៏ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានរួចប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។
តាមប្រភពព័ត៌មានបានឱ្យដឹងថា លុះក្រោយពីការសាកសួររួចរាល់ហើយ នគរបាលបានដាក់ខ្នោះដៃជនសង្ស័យមិនបានដោះចេញនោះទេ រួចយកទៅឃុំទុកនៅក្នុងបន្ទប់ជាន់ទី១ បន្ទាប់មកនគរបាលក៏បានចុះមកក្រោម ហើយរវល់តែធ្វើការភ្លេចខ្លួន រហូតដល់វេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ត្រូវនាំជនសង្ស័យទៅឃុំខ្លួនបន្តនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាប់តែបាត់ជនសង្ស័យ ដោយជនសង្ស័យម្នាក់នោះបានរត់គេចខ្លួនបាត់ទាំងដៃជាប់ខ្នោះតែម្ដង។
ក្រោយពីមានរឿងនឹកស្មានមិនដល់បែបនេះកើតឡើង ធ្វើឱ្យនគរបាលប៉ុស្តិ៍ស្រឡាំងកាំងគ្រប់ៗគ្នា ព្រមទាំងចែកផ្លូវគ្នាតាមរកគ្រប់ច្រកល្ហក តែសូម្បីតែស្រមោលជនសង្ស័យក៏មិនឃើញផង៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/