យកដីខ្សាច់ច្រកក្នុងការ៉ុងបន្លំជាស្កស ដើរលក់អោយពលរដ្ឋ និងអជីវករ នៅក្នុងខេត្តសៀមរាបជាច្រើនលើក ពេលនេះជាប់អន្ទាក់ហើយ
កម្លាំងនគរបាលស្រុកប្រាសាទបាគង កាលពីវេលាម៉ោង០៩:០០នាទី ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ ម្សិលមិញនេះ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រិន ចំរើន ភេទប្រុស ឆ្នាំកំណើត (០១.០៩.១៩៨៧) មានស្រុកកំណើត នៅភូមិ អន្សារក្រង ឃុំអន្សារក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងភូមិអញ្ចាញថ្មី សង្កាត់នគរធំ ក្រុងសៀមរាប ពាក់ព័ន្ធករណីអំពើឆបោក យកដីខ្សាច់ច្រកក្នុងការ៉ុងបន្លំជាស្កស ដើរលក់អោយពលរដ្ឋ និងអជីវករ នៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដីខ្សាច់ច្រកក្នុងការ៉ុងស្កសហើយ យកមកលក់អោយជនរងគ្រោះ បានចំនួន៩ការ៉ុង ដោយក្នុងមួយការ៉ុងតម្លៃ១០ម៉ឺនរៀលពិតប្រាកដមែន និងបានធ្វើសកម្មភាព យកដីខ្សាច់ច្រកការ៉ុង លក់អោយអ្នករស់នៅម្តុំផ្សារត្រាំនាគ ពុំស្គាល់ឈ្មោះ ០១លើក និង លក់អោយអ្នករស់នៅម្តុំវត្តល្អក់ ពុំស្គាល់ឈ្មោះ០១លើក ផងដែល ចំណែកលុយដែលលក់បានខ្លួនយកទៅចាយវាយអស់។ ធ្វើតេស្តទឹកនោម រកសារធាតុញៀន ជា លទ្ធផល វិជ្ជមាន ។
យោងតាម ពាក្យបណ្តឹងរបស់ ជនរងគ្រោះ ចម្លើយសារភាព និងវត្ថុងតាង ជនសង្ស័យ ត្រូវបានកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀម រាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕