យកប្រាក់ដុល្លារក្លែងក្លាយចូលកាស៊ីណូ
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍មួយឲ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ត កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានសហការជាមួយកម្លាំងនគរបាលក្រុងព្រះសីហនុ ចុះធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនជាតិចិន៣នាក់ ជាជើងកាងក្នុងកាស៊ីណូ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាវាយដំបុរសម្នាក់ បណ្តាលឲ្យរងរបួសស្ទើរស្លាប់ស្ទើររស់ គ្រាន់តែបុរសចិនម្នាក់នោះកាន់ប្រាក់ដុល្លារក្លែងក្លាយ មានបំណងចូលលេងក្នុងកាស៊ីណូ ។
ជនដែលត្រូវបានចាប់ខ្លួននេះមាន ៖
១-ឈ្មោះ Ji Hong Yi ភេទប្រុស អាយុ៣០ឆ្នាំ ជាបុគ្គលិកកាស៊ីណូតាស៊ីយ៉ាង
២-ឈ្មោះ Wang Gan ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកគ្រប់គ្រងកាស៊ីណូតាស៊ីយ៉ាង និង
៣-ឈ្មោះ Wang Yi ភេទប្រុស អាយុ៣៨ឆ្នាំ បុគ្គលិកកាស៊ីណូតាស៊ីយ៉ាង ។
ទាំង៣នាក់សុទ្ធតែគ្មានលិខិតឆ្លងដែន ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ចំណែកជនរងគ្រោះឈ្មោះ Ming Xiing You ភេទប្រុស អាយុ៤៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនតុងហ្វាងមីងជូ ស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។សេចក្តីរាយការណ៍ឲ្យដឹងទៀតថា កាលពីថ្ងៃទី១ ខែមករាកន្លងទៅ វេលាម៉ោង៥ល្ងាច នគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ថា នៅវេលាម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រថ្ងៃនោះ នៅកាស៊ីណូអាត្លង់ទិក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជនរងគ្រោះត្រូវក្រុមជនជាតិចិនជាបុគ្គលិក និងមេការ(ជើងកាង)ក្នុងកាស៊ីណូ ប្រើអំពើហិង្សាចាប់វាយដំ និងទាត់ធាក់ ព្រមទាំងយកដំបងដែករលាស់វាយបណ្តាលឲ្យរងរបួស បាក់ម្រាមដៃ ប្រេះស្រាំលលាដ៍ក្បាល ត្រូវភ្នែក ច្រមុះ មាត់ ជើង និងរងរបួសពេញដងខ្លួន ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងនោះភ្លាម សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយរហូតមកដល់ថ្ងៃទី២ ខែមករា គឺមួយថ្ងៃក្រោយមក កម្លាំងនគរបាលព្រហ្មទណ្ឌ ដោយសហការជាមួយនគរបាលក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការឆែកឆេរក្នុងការស៊ីណូ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៣នាក់ ដូចមានឈ្មោះខាងលើនេះនាំយកទៅសាកសួរ ។
នៅពេលសាកសួរ ជនសង្ស័យទាំង៣នាក់បានចោទប្រកាន់ថា រឿងដំបូងផ្តើមចេញពីជនរងគ្រោះយកប្រាក់ដុល្លារក្លែងក្លាយចូលលេងល្បែងនៅក្នុងកាស៊ីណូ ។ ខណៈឃើញដូច្នោះ ពួកគេបានឃាត់ខ្លួនជនរងគ្រោះដើម្បីសាកសួរ ប៉ុន្តែជនរងគ្រោះមិនព្រមសារភាពទេ ទើបធ្វើឲ្យពួកគេក្តៅក្រហាយក៏នាំគ្នាវាយដំតែម្តងទៅ ។ ជនសង្ស័យ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ប្រភព៖ https://kohsantepheapdaily.com.kh/