យកអំណាចមកឈូសយកដីសហគមន៍ អាជ្ញាធរមិនហ៊ានក្អកសូម្បីបន្តិច
ខេត្តកំពង់ស្ពឺ ៖ មានការបង្ហើបប្រាប់ថា លោកផ្កាយ២មួយរូបបានប្រើឥទ្ធិពលឪពុកមារបស់ខ្លួនពាក់ផ្កាយ៤ បានទៅចាប់ដីព្រៃសហគមន៍ជាច្រើនហិកតាយកមកធ្វើកម្មសិទ្ធិរបស់ខ្លួនដោយគ្មានខ្លាចរអែងច្បាប់សូម្បីបន្តិច។ ដីព្រៃសហគមន៍ដែលលោកផ្កាយ២ឈូសឆាយរំលោភយកនេះ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

កន្លងមកដីសហគមន៍នេះ ខាងជំនាញមេព្រៃក៏ដូចជា ស្ថាប័នពាក់ព័ន្ធបានចុះមកពិនិត្យមើល និងបោះបង្គោលព្រំដីសម្គាល់ជាដីសហគមន៍ និងមានចុះ MOU ជាមួយក្រសួងកសិកម្មផងដែរ។
បើតាមន្ត្រីសាលាស្រុកគងពិសីមួយរូបបង្ហើបថា ជាធម្មតាដីសហគមន៍ជាដីព្រៃបំរុងរបស់រដ្ឋ ហើយបានចុះបញ្ជីនៅក្រសួងកសិកម្មទៀត ដូច្នេះគ្មានបុគ្គលណាមួយរំលោភបំពានយកបានឡើយ ទោះបុគ្គលនោះមានឋានៈបុណ្យសក្តិប៉ុនណាក៏ដោយ។ ការធ្វើបែបនះជាការរំលោភបំពានយកដីរដ្ឋដោយខុសច្បាប់ត្រូវតែមានទោស។

ករណីខាងលើនេះ មិនអាចសុំការបកស្រាយណាមួយពីលោកផ្កាយ២បានទេ ពាក់ព័ន្ធនឹងការប្រើអំណាចយោធាមករំលោភដីរដ្ឋនេះ។
បើតាមមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានលើកឡើងថា ដីសហគមន៍ដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម ហើយគ្មានជនណាមួយមានសិទ្ធិឈូសឆាយរំលោភយកបានឡើយ ព្រោះជាដីព្រៃបំរុងរបស់រដ្ឋ ដើម្បីស្តារព្រៃឈើទុកប្រើប្រាស់រួមក្នុងសហគមន៍។

ទាក់ទងមន្ត្រីយោធាអាងអំណាចដែលបានទៅរុករានយកដីព្រៃសហគមន៍មកធ្វើកម្មសិទ្ធិនេះដែរ បើយោងតាមការអះអាងពីពលរដ្ឋនៅក្នុងឃុំស្រង់និយាយថា ពួកគាត់គ្រោងនឹងទៅជួបលោកអភិបាលខេត្តកំពង់ស្ពឺ ឱ្យចុះមកពិនិត្យដីព្រៃសហគមន៍ជាច្រើនហិកតា ដែលកំពុងត្រូវបានគេយកទៅលក់ និងធ្វើកម្មសិទ្ធិ ដែលកំពុងក្លាយជាសាច់ជ្រូកបីជាន់នេះ។

អត្ថបទ៖ https://kohsantepheapdaily.com.kh/