យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ស្ទាក់ចាប់យន្តហោះរុស្ស៊ីនៅក្បែររដ្ឋ Alaska

អាមេរិក៖ កាលពីថ្ងៃអាទិត្យ បញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយថា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានស្ទាក់ចាប់យន្តហោះរុស្ស៊ីចំនួន ០៦គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្នុងដែនអាកាសអន្តរជាតិក្បែររដ្ឋ Alaska ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ បញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បាននិយាយថា យន្តហោះរុស្ស៊ីមានដូចជា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ TU-95 យន្តហោះដឹកប្រេងប្រភេទ IL-78 និងយន្តហោះចម្បាំងប្រភេទ SU-35 ។

NORAD បានពណ៌នាការស្ទាក់ចាប់នេះថាជា “បានកើតឡើងដដែលៗ” ហើយបាននិយាយថា យន្តហោះរុស្ស៊ីធ្វើប្រតិបត្តិការប្រហែល ០៦ ឬ ០៧ដងក្នុងមួយឆ្នាំនៅក្នុងតំបន់ដែលហៅថា តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរដ្ឋ Alaska ។

នៅក្នុងសេចក្តីថ្លែងការណ៍ NORAD បាននិយាយទៀតថា “សកម្មភាពរុស្ស៊ីនៅតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) ដែលស្ថិតនៅអាមេរិកខាងជើង បានកើតឡើងជាទៀងទាត់ ហើយមិនត្រូវបានគេមើលឃើញថា ជាការគំរាមកំហែងទេ” ។ “NORAD បានតាមដាន និងកំណត់អត្តសញ្ញាណដោយម៉ត់ចត់នូវយន្តហោះយោធាទាំងអស់ដែលចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) រួមទាំងការតាមដានសម្មភាពរបស់យន្តហោះទាំងនោះជាប្រចាំ ហើយនៅពេលចាំបាច់ បានបណ្តេញចេញយន្តហោះទាំងនោះចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ)”។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា យន្តហោះរបស់សហរដ្ឋអាមេរិកដែលចូលរួមក្នុងឧប្បត្តិហេតុនេះ រួមមានយន្តហោះចម្បាំងប្រភេទ

F-16 និងF-22 រួមទាំងយន្តហោះដឹកប្រេងប្រភេទ KC-135 និង E-3 AWACS ៕