យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែជាក្តីកង្វល់! ករណីផ្ទុះមីនតោន ពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការ…

នៅថ្ងៃចន្ទ​ ៧កេីត​ ខែ​ស្រាពណ៍ ឆ្នាំជូតទោ​ស័ក​ ព.ស.២៥៦៤​ត្រូវនឹងថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០​២០វេលាម៉ោង១៤និង០៥នាទី នៅចំណុចក្រុមទី ០៤ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបា​ត់ដំបង មានករណីផ្ទុះមីនតោនដែល​សេ​ស​ស​ល់ពីសម័យសង្រ្គាម​ កប់នៅក្នុងដី​មួយបានកេីតឡេីង​ ក្នុងពេលដែលជនរងគ្រោះ ឈ្មោះប៉ាត់ រិត ភេទប្រុស អាយុ៣៥ ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កំពុងបើកបរត្រាក់ទ័ររបស់ខ្លួនម៉ាកហ្វូត ពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីចំការឱ្យ​ឈ្មោះលុយ គឹមស៊ ភេទប្រុសអាយុ ៦៥ឆ្នាំ​មានទីលំនៅ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូសង្កាត់​ស្លក្រា​ម ក្រុង​សៀមរាប ខេត្តសៀមរាប​ ដែលគាត់មាន​ដីចំការមួយកន្លែងក្នុងមូលដ្ឋានកេីតហេតុខាងលេី​ ។
ជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ​នៅមន្ទីរពេទ្យ​ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ​ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យ​ រីឯ​ត្រាក់ទ័រដែលបេីកបរជាន់គ្រាប់​មីនតោននោះទទួលរងការខូចខាតទាំងស្រុង។

មន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា​ ចំណុចកេីត​ហេតុខាងលេីនេះគឺជាអតីតសមរភូមិប្រយុទ្ធ​ រវាងភាគីជម្លោះ​ពីអតីតកាល​ហេីយនៅទីនោះក៏​សម្បូរដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅរាយប៉ាយនិងកប់ក្នុងដី​ មិនទាន់មានការបោសសំអាតអស់នៅឡេីយ។ មន្រ្តីដដែលបានបញ្ជាក់ថា​ នៅទីកន្លែងកេីតហេតុនេះ​ មានការកាប់ឆ្ការនិងភ្ជួររាស់ដីដាំដំណាំជា​ច្រេីនឆ្នាំកន្លងមកហេីយ​ ប៉ុន្តែពេលមុនៗមិនមាន​ករណីបែបនេះកេីតឡេីងទេ​ ទេីប​តែ​ពេលនេះ​ក៏ជួបឧប្បត្តិហេតុបែបនេះតែម្តង។

ក្នុងនាមអាជ្ញាធរមូលដ្ឋានក៏ដូចជាស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ សូមធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ ពិសេសមូលដ្ឋានដែលជាអតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុង​ប្រយ័ត្នជាប់ជាប្រចាំចំពោះបញ្ហាយុទ្ធភ័ណ្ឌ​ មិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមនេះ​ ព្រោះវាពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិតយេីង​យ៉ាងពិត​ប្រាកដ៕(រូបភាពនគរបាលស្រុករតនមណ្ឌល)