យោធា US៖ អ៊ីរ៉ង់​ព្យាយាម​ដឹក​អាវុធ​បន្ថែម​ទៀត​​ទៅ​ឲ្យ​ឧទ្ទាម​ហ៊ូធី

ក្រុង​វ៉ាស៊ីនតោន៖ ​យោធា​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រុង​តេអេរ៉ង់​បាន​បន្ត​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​យេម៉ែន​ បន្ទាប់​ពី​មាន​ការ​ជាប់​គាំង ​២ ​លើក​មិន​ដល់​រយៈពេល ​៣ ​ខែ​ ទៅ​នឹង​អ្វី​ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​ហៅ​ថា ​គឺ​ជា​អាវុធ​របស់​អ៊ីរ៉ង់​នោះ​។​

អនុសេនីយ៍​ឯក​លោក​ ប៊ីល អឺបាន ​​នៃ​ទី​បញ្ជា​ការ​កណ្តាល​អាមេរិក​ដែល​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​កង​កម្លាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ នៅ​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មន្ទីរ​បញ្ចកោណ​ស្តីពី​ការ​ហាមប្រាម​ចុង​ក្រោយ​បំផុត​បាន​ថ្លែង​ថា៖ ​«ការ​រឹប​អូស​យក​អាវុធ​នោះ​ គឺ​ស្រប​ទៅ​តាម​គំរូ​ប្រវត្តិសាស្ត្រ​នៃ​ការ​ជួញ​ដូរ​អាវុធ​ដ៏​ទំនើប​របស់​​អ៊ីរ៉ង់​ ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​យេម៉ែន​»​។​

ការ​ហាម​ប្រាម​ទាំង​ ​២ ​លើក​​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​មាន​ជម្លោះ​ ហើយ​បាន​ជាប់​ទាក់ទង​ជាមួយ​ក្រុម​នាវា​មួយ​ចំនួន​ ដែល​បាន​កំពុង​ធ្វើ​ដំណើរ​ដោយ​គ្មាន​ដាក់​ទង់​ជាតិ​នៅ​លើ​នាវា​ ដែល​ករណី​ទី ១ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី ​២៥ ​ខែ​វិច្ឆិកា ​និង​លើក​ទី ​២​ នៅ​ថ្ងៃទី ​៩ ​ខែ​កុម្ភៈ​។​

លោក ​អឺបាន​ ​បាន​បង្ហាញ​រូបថត​មួយ​ចំនួន​អំពី​ការ​រឹបអូស​យក​អាវុធ​នោះ​ ហើយ​បាន​ថ្លែង​ថា ​អាវុធ​ទាំង​នោះ​មក​ពី​ប្រទេស ​អ៊ីរ៉ង់​ ហើយ​មាន​បំណង​ចង់​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​យេម៉ែន​។​

លោក​បាន​ថ្លែង​ថា​ នៅ​ក្នុង​ការ​រឹបអូស​អាវុធ​ចុង​ក្រោយ​នោះ​ នាវា ​USS ​Normandy ​បាន​រក​ឃើញ​អាវុធ​ម៉ាក ​150 ​Dhelavieh ​ដែល​អ៊ីរ៉ង់​ផលិត​ចម្លង​ម៉ូដ​ដូច​អាវុធ​របស់​រុស្ស៊ី​ម៉ាក​ ​Kornet ​ជា​មីស៊ីល​ប្រឆាំង​រថក្រោះ ​និង​អាវុធ ​៣ ​ប្រភេទ​ផ្សេង​ទៀត​ ដែល​អ៊ីរ៉ង់​បាន​ផលិត​នោះ ​គឺ​ជា​មីស៊ីល ​«358» ​បាញ់​ចេញ​ពី​ផ្ទៃ​ដី​រាប​​ទៅ​លើ​អាកាស​។​

អាវុធ​នោះ​ត្រូវ​បាន​រឹប​អូស​កាល​ពី​ខែ​វិច្ឆិកា​ នៅ​ក្នុង​នោះ​មាន​ប្រភេទ​មីស៊ីល​ស្រដៀង​គ្នា​ ជាមួយ​នឹង​មីស៊ីល​ល្បឿន​មធ្យម​ផ្សេង​ទៀត​។​

លោក ប៊ីល ​អឺបាន​​ បាន​ថ្លែង​ថា ​អាមេរិក​បាន​វាយ​តម្លៃ ​«​ដោយ​មាន​ការ​ជឿជាក់​ខ្ពស់​» ​ថា ​អាវុធ​ទាំង​នោះ​ «​ត្រូវ​បាន​ជួញដូរ​ដោយ​ខុស​ច្បាប់​ ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​យេម៉ែន​ ជា​​ការ​រំលោភ​​លើ​​សេចក្តី​សម្រេច​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​ ​UN»​។​

លោក​មិន​បាន​ថ្លែង​ថា​ តើ​នាវា​ទាំង ​២ ​គ្រឿង​នោះ ​ដែល​​ចរាចរណ៍​នៅ​ក្នុង​​តំបន់​នោះ​​ ត្រូវ​គេ​កត់​សម្គាល់​ដែរ​ ឬ​យ៉ាង​ណា​ទេ៕

អត្ថបទ៖ https://www.postkhmer.com/