រដ្ឋបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ

ប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុក ដើម្បីបង្កបរិយាកាស សប្បាយ រីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញានៅឆ្នាំនេះត្រូវរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយបានអធិកអាធម សម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ព្រោះយើងខាន២ឆ្នាំមកហើយ ដូច្នេះរដ្ឋបាលខេត្តនឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅទីតាំងមួយចំនួនក្នុងខេត្ត ជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ស្នើរដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវសហការត្រៀមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ជាពិសេស ការដាក់ភ្លើងនៅតាមសួន តាមដើមឈើនៅតាមអង្គភាព និងទីសាធារណៈ អោយឆ្លុះគ្រប់ពណ៌ ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗ ត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាតប្រកបដោយសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយយើងខានបារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន ២ឆ្នាំមកហើយ ដោយសារស្ថានភាពការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដូច្នេះឆ្នាំនេះ អាចមានបងប្អូនប្រជាពលរដ្ឋយើងដើរលេងកម្សាន្តច្រើន សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយសមត្ថកិច្ចទាំង ៣ប្រភេទ ធ្វើយ៉ាងរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អ ជាពិសេសកុំភ្លេចវិធានសុវត្ថិភាពកូវីដ-១៩ របស់ ក្រសួង សុខាភិបាល និងប្រមុខដឹកនាំ សម្តេចតេជោ សែន ៣កាពារ ៣កុំ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២នេះ គឺប្រព្រឹត្តិទៅ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ដោយមានទេធីតា ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់កង្វេរ ព្រហស្តឆ្វេង ទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online