រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសង្គ្រោះបន្ទាន់​៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងជី(Gyeonggi) នៃសាធារណរដ្ឋកូរ៉េ

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តឃ្យុងជី នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Park Woo-hee តំណាងរដ្ឋបាលខេត្តឃ្យុងជី បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។

មានប្រសាសន៍នៅក្នុងពិធីប្រគល់ ទទួល និងផ្តល់នូវលិខិតថ្លែងអំណរគុណ ជូនដល់តំណាងរដ្ឋបាលខេត្តឃ្យុងជី និងអង្គការមូលនិធិកិច្ចការសង្គម Go&Do លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា ការផ្តល់ជូននូវរថយន្តយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលខេត្តឃ្យុងជីនាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងការជួយសង្គ្រោះអ្នកជំងឺ និងការអន្តរាគមន៍លើគ្រោះអគ្គិភ័យផ្សេងៗ ខណៈកន្លងមក រដ្ឋបាលខេត្តឃ្យុងជី ធ្លាប់បានផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជូនដល់រដ្ឋបាលខេត្តសៀមរាប ។

លោក ពិន ប្រាកដ បន្តថា នៅក្នុងទូទាំងខេត្តសៀមរាប មានមណ្ឌលសុខភាពចំនួន៩៣ ប៉ុន្តែមណ្ឌលសុខភាពខ្លះ នៅមិនទាន់មានរថយន្តសង្គ្រោះបន្ទាន់នៅឡើយ ដូច្នេះក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់សប្បុរសជន និងរដ្ឋបាលខេត្តឃ្យុងជី បន្តជួយផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ បន្ថែមទៀតដើម្បីធ្វើឲ្យការបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត កាន់តែមានប្រសិទ្ធភាព និង មានភាពងាយស្រួល ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក Park Woo-hee តំណាងរដ្ឋបាលខេត្តឃ្យុងជី បានសម្ដែងនូវការសប្បាយរីករាយ នៅពេលដែលលោកបានឃើញរថយន្តដែលជាជំនួយរបស់រដ្ឋបាលខេត្តឃ្យុងជីនេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប យកមកប្រើប្រាស់បានចំគោលដៅយ៉ាងមានប្រសិទ្ធភាព ហើយលោកសន្យាថា នឹងយកសំណូមពររបស់រដ្ឋបាលខេត្តសៀមរាប ដាក់ជូនថ្នាក់ដឹកនាំខេត្តឃ្យុងជី ដើម្បីធ្វើការពិនិត្យពិចារណាក្នុងការជួយជាបន្តទៀត ។

គួររំលឹកថា កាលពីឆ្នាំ២០១៩ រដ្ឋបាលខេត្តឃ្យុងជី បានផ្តល់ជូនខេត្តសៀមរាប នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង , នៅឆ្នាំ២០២០ ខេត្តឃ្យុងជី បានប្រគល់ជូននូវរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងនៅឆ្នាំ២០២១ ខេត្តឃ្យុងជី បានប្រគល់ជូននូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online