រដ្ឋលេខាធិការ ឱ វណ្ណឌីន៖ បើជួបបុគ្គលណាក្អក ឬកណ្តាស់ ត្រូវនៅឲ្យឆ្ងាយយ៉ាងហោចណាស់ មួយម៉ែត្រកន្លះ
«បើជួបបុគ្គលណាដែលសង្ស័យថាមានបញ្ហាសុខភាព ដូចជាក្អក ឬកណ្តាស់ ត្រូវនៅឲ្យឆ្ងាយពីបុគ្គលនោះយ៉ាងហោចណាស់មួយម៉ែត្រកន្លះ។» នេះជាការលើកឡើងពីសំណាក់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ Khmerload នារសៀលថ្ងៃទី២០ មីនា នេះ។
ការបញ្ជាក់របស់រដ្ឋលេខាធិការយ៉ាងដូច្នេះ ធ្វើឡើងក្រោយក្រសួងសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកឆ្លងកូវីដ១៩ ជាបន្តបន្ទាប់ សរុបកម្ពុជាមានអ្នកឆ្លង៤៧នាក់ហើយ។
លោកស្រីបន្តថា៖ «បែបនេះក្តីស្ថានភាពដូចជាក្អក ឬកណ្តាស់ ដូចបានរៀបរាប់មិនមែនសុទ្ធតែកូវីដ១៩ ទេ កន្លងមកបុគ្គលខ្លះមានជំងឺផ្តាសាយធម្មតា ឈឺបំពុងក និងមានអាការៈរោគសញ្ញាប្រហាក់ប្រហែលគ្នាដែលទាមទារឲ្យមានការធ្វើតេស្តដើម្បីច្បាស់លាស់។»
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលរូបនេះបានបង្ហើប ដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួនផងដែរ។
លោកស្រី ឱ វណ្ណឌីនថា៖ «យកល្អបើមានករណីសង្ស័យលើបុគ្គលជុំវិញខ្លួនថាគេមានបញ្ហាសុខភាពដូចជាក្អក ឬកណ្តាស់ពេលនៅជិតយើង យើងម្នាក់ៗគួរតែពាក់ម៉ាសការពារ ប្រើកន្សែង ឬប្រើក្រមាដើម្បីកុំឲ្យឆ្លងពីគេ។ហើយខ្លួនយើងក៏ដូចគ្នា បើក្អក ឬកណ្តាស់ត្រូវប្រើម៉ាស់ បើអត់ម៉ាស់ អាចប្រើកន្សែង ឬក្រមា។ ហើយកន្សែង និងក្រមានោះ ក៏ត្រូវសម្អាតឲ្យបានញឹកញាប់ដើម្បីថែរក្សាអនាម័យដោយបោកនឹងសាប៊ូ រួចហាលថ្ងៃ។ ចំណែកម្ហូបក៏ត្រូវចម្អិនឲ្យឆ្អិន និងប្រកបដោយអនាម័យដែរ។ ហើយបើមានការសង្ស័យអាចទាក់ទងទៅមន្ត្រីសុខាភិបាលគ្រប់ ២៥ រាជធានី-ខេត្ត។»
បន្ថែមពីនេះលោកស្រីបានប្រាប់ Khmerload បន្ថែមថា បច្ចុប្បន្នចំពោះអ្នកឆ្លងជំងឺទាំងអស់ដែលនៅក្នុងស្រុកមានសុខភាពទូទៅធម្មតា និងមិនទាន់មានការវិវឌ្ឍណាមួយគួរឲ្យកត់សម្គាល់នោះទេ។
«ជាទូទៅសុខភាពអ្នកជំងឺទាំងអស់ដែលកំពុងរស់នៅក្នុងស្រុកខ្មែរ មិនមានបញ្ហាអ្វីប្លែកឲ្យយើងមានការព្រួយបារម្ភឡើយ ដោយពួកគាត់មានសុខភាពធម្មថាទេ»។
សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លង COVID-19 ចំនួន៤៧ករណីហើយ ដែលក្នុងនោះមាន ចិន១រូប (សះស្បើយ) អង់គ្លេស៣នាក់ (ពីនាវា Viking Cruise) បារាំង២នាក់ (ក្មេងអាយុ៤ខែម្នាក់), កាណាដា១នាក់ បែលហ្ស៊ិក១នាក់ ម៉ាឡេស៊ី១១នាក់ ខ្មែរ២៨នាក់ ដោយក្នុងនោះ២៣នាក់ ជាអ្នកដែលទើបវិលត្រឡប់ពីបុណ្យសាសនានៅម៉ាឡេស៊ី ខណៈស្ត្រី២នាក់ឆ្លងបន្តពីស្វាមី៕
ប្រភព៖ https://www.khmerload.com/