រដ្ឋាភិបាលអូស្ត្រាលីប្ដឹង Facebook ទារសំណង ៥២៩ ពាន់លានដុល្លារ
Facebook ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីធ្វើការប្ដឹង ដោយចោទប្រកាន់ថាក្រុមហ៊ុននេះបានល្មើសនឹងច្បាប់សិទ្ធឯកជនរបស់ប្រទេសអូស្ត្រាលី ហើយមានការទាមទារសំណងរហូតដល់ ៥២៩ ពាន់លានដុល្លារ។
ផ្អែកតាមពាក្យបណ្ដឹងដែលដាក់ជូនទៅតុលាការសហព័ន្ធអូស្ត្រាលីនាថ្ងៃចន្ទនេះ Facebook បានល្មើសនឹងសិទ្ធឯកជនរបស់ពលរដ្ឋអូស្ត្រាលីប្រមាណ ៣១១ ១២៧ នាក់ ដោយបានបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទៅឲ្យកម្មវិធី This Is Your Digital Life ចន្លោះខែមីនា ២០១៤ និងខែឧសភា ២០១៥។ អ្នកបង្កើតកម្មវិធីនេះក៏បានលក់ព័ត៌មានដែលខ្លួនទទួលបាន ទៅឲ្យក្រុមហ៊ុនស្រាវជ្រាវ Cambridge Analytica ដែលក្រោយមកត្រូវបានប្រើសម្រាប់ផលប្រយោជន៍នយោបាយ។
ការិយាល័យនៃស្នងការព័ត៌មានអូស្ត្រាលី បានចោទប្រកាន់ថា Facebook មិនបានចាត់វិធានការត្រឹមត្រូវក្នុងការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ពីការលួចប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ពាក្យបណ្ដឹងបានធ្វើការចោទប្រកាន់ដែរថា ភាគច្រើននៃជនជាតិអូស្ត្រាលីដែលរងការប៉ះពាល់ គឺមិនបានដំឡើងកម្មវិធីខាងលើដោយខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ព័ត៌មានរបស់ពួកគេត្រូវប្រមូលបានបន្ទាប់ពីមិត្ត Facebook របស់ពួកគេបានទាញយកកម្មវិធីនោះ។ ការិយាល័យនៃស្នងការព័ត៌មានអូស្ត្រាលីអះអាងថាមានជនជាតិអូស្ត្រាលីតែ ៥៣ នាក់ប៉ុណ្ណោះ ដែលបានទាញយកកម្មវិធី This Is Your Digital Life។
ចំពោះការចោទប្រកាន់ពីការល្មើសលើពលរដ្ឋម្នាក់ៗអាចរងការពិន័យខ្ពស់បំផុត ១,៧ លានដុល្លារ។ ពេលគុណជាមួយ ៣១១ ១២៧ នាក់ នោះសំណងសរុបឡើងដល់ជិត ៥២៩ ពាន់លានដុល្លារឯណោះ។ សំណងនេះគឺខ្ពស់ជាងចំណូលប្រចាំឆ្នាំ ២០១៩-២០២០ របស់រដ្ឋាភិបាលអូស្ត្រាលី ដែលរកបាន ៥១៣,៧ ពាន់លានដុល្លារ។
មានរដ្ឋាភិបាលប្រទេសផ្សេងទៀតក៏ធ្លាប់បានប្ដឹង Facebook អំពីការល្មើសនឹងសិទ្ធឯកជនទាក់ទងនឹងរឿងអាស្រូវ Cambridge Analytica នេះផងដែរ។ Facebook បានយល់ព្រមសងសំណង ៥ ពាន់លានដុល្លារដល់រដ្ឋាភិបាលអាមេរិកនាឆ្នាំ ២០១៩ និងត្រូវរដ្ឋាភិបាលចក្រភពអង់គ្លេសពិន័យ ៥០ ម៉ឺនផោន ផងដែរនៅឆ្នាំ ២០១៨៕
ប្រភព៖ Mashable ប្រែសម្រួល៖ http://news.sabay.com.kh/