រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ផ្តល់វ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកាចំនួន ៣០ម៉ឺនដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងជាជំនួយរបស់ប៉ូឡូញ នឹងដឹកមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងនោះដោយផ្ទាល់នៅព្រលានយន្តហោះ។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺឱបករណ៍ដ៏ចាំបាច់មួយបន្ថែមពីលើវិធានសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ និងការពាអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសកលក្នុងសតវត្សរ៍ទី២១នេះ។ សម្តេចតេជោ ហ៊ុន សែន អគ្គមេបញ្ជាការកំពូលលើសមរភូមិជំងឺកូវីដ១៩ បានសម្រេចយកការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាកិច្ចការដ៏ចាំបាច់បំផុតសម្រាប់ការយកឈ្នះលើសត្រូវឥតស្រមោលកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

ផ្អែកលើស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគ្រប់មធ្យោបាយដើម្បីស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទាំងការបញ្ចេញថវិកាជាតិទៅទិញ និងស្នើសុំជំនួយពីប្រទេសជាមិត្ត។ មកដល់ពេលបច្ចុប្បន្នកម្ពុជា រកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស។ ក្រៅតែពីការបញ្ជាទិញ មានប្រទេសជាច្រើនបានផ្តល់ជំនួយមកកម្ពុជាទាំងតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជានោះ មានដូចជា ចិន, ជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី និងហូឡង់ជាដើម។

វត្តមានវ៉ាក់សាំងដ៏ច្រើនសន្ធឹកនេះ បានធ្វើឱ្យកម្ពុជាសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័សមុនផែនការកំណត់។ របាយការណ៍បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមករា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសរុបជាង ១៤លាននាក់។ ក្នុងនោះអ្នកចាក់បានពីរដូសមានចំនួនជិត ១៤លាននាក់, អ្នកចាក់៣ដូស បានជាង ៥លាននាក់ និងអ្នកចាក់បាន ៤ដូស មានចំនួនជាង ៣០ម៉ឺននាក់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online