រថយន្ដមួយគ្រឿងបើកជែងក្នុងល្បឿនលឿន បណ្ដាលអោយបុករថយន្ដមួយគ្រឿងទៀតពីក្រោយ រួចក្រឡាប់ខ្លួនឯង សំណាងមិនមានអ្នកស្លាប់
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរជុំបានអោយដឹងថាកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៧-៤៥នាទី (យប់) មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តពីរគ្រឿងបើកបរស្របទិសគ្នា នៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលរថយន្តម៉ាកនីសាន់ណាវ៉ារ៉ា បើកជែងក្នុងល្បឿនលឿនលើផ្លូវឡើងចំណោតបណ្តាលឲ្យបុករថយន្តបើកបរស្របទិសគ្នាពីរក្រោយ រួចក្រឡាប់ខ្លួនឯងតែម្តង បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ចំនួន០២នាក់រងរបួស។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមានឈ្មោះ ខេង សុឃាង ជាអ្នកបើកបររថយន្តនីសាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិកាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី និងជនរងគ្រោះម្នាក់ទៀតមានឈ្មោះ នឿន និច ជាអ្នករួមដំណើរ ភេទប្រុស អាយុ២២ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិកាឡៃ២ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
ក្រោយកើតហេតុជនរងគ្រោះទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយរថយន្តមួយគ្រឿងដែលក្រឡាប់ ម៉ាកនីសាន់ណាវ៉ារ៉ា ត្រូវកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋាននគរបាល ស្រុកអូរជុំ។ ចំណែករថយន្តមួយគ្រឿងទៀត មិនស្គាល់អត្តសញ្ញាណ ហើយបច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ៕