រថយន្ដមួយគ្រឿងបើកបរមិនប្រុងប្រយ័ត្ន បុកម៉ូតូមួយគ្រឿងកំពុងបត់ចូលផ្ទះ បណ្ដាលអោយ អ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ 

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១៥ និង១០នាទី នៅត្រង់ចំណុចមុខសាលាឃុំត្រពាំងក្រហម លើផ្លូវជាតិលេខ៧៨A ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង រវាងរថយន្តម៉ាកFORTUNER ស្លាកលេខភ្នំពេញ2Bl-2146 ពណ៌ស និងម៉ូតូម៉ាក់វេវឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខ។

ជនរងគ្រោះឈ្មោះសារិន ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ ចំណែកជនបង្កជាអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូនមុំបានអោយដឹងផងដែរថាហេតុការណ៍ខាងលើកើតឡើងដោយ រថយន្តបង្កបើកបរពីទិសខាងកេីតទៅលិច ចំណែក ជនរងគ្រោះបើកបរម៉ូតូស្របទិសគ្នា បានបត់ម៉ូតូចូលផ្ទះបងប្អូន ត្រូវបានរថយន្តបង្កបុកផ្នែកចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បច្ចុប្បន្នវត្ថុតាង រថយន្ត និងម៉ូតូផ្នែកសណ្តាប់ធ្នាប់បានយកមករក្សាទុកនៅប៉ុស្តិ៍ឃុំត្រពាំងក្រហម ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ស្រុកកូនមុំ ធ្វើកំណត់ហេតុប្រគល់ជូនទៅក្រុមគ្រួសារ និងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online