រថយន្តធុនធ្ងន់មួយគ្រឿង ប្រលះម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់

ថ្ងៃអង្គារ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២២ វេលាម៉ោង ១៧:៣០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៩១-៩២ ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3F-5786 អ្នកបើកបររថយន្តមិនស្គាល់សាវតាជាតិ និងអាស័យដា្ឋន (រត់គេចខ្លួនបាត់) បើកបរចេញពីទិសខាងកើត ទៅទិសខាងលិច ។ លុះពេលបើកបរដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ+ក្រហម ពាក់ផ្លាកលេខ តាកែវ 1C-8533 បើកបរដោយឈ្មោះ សេង សុភាស់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងសំណង មានទីលំនៅបច្ចុប្បន្នភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរចេញពីទិសខាងលិច ទៅទិសខាងកើត ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឱ្យស្លាប់(អ្នកបើកបរម៉ូតូ) នៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង កំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។ ហើយបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕