រថយន្តបែនដឹកដីបុកនិងគោយន្តកន្ត្រៃ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅស្រុកបាណន់

ស្នងការនគរបាលជាតិ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣០នាទី នៅលើផ្លូវគ្រួសក្រហមចំណុចវត្តភ្នំខ្ពស់ក្រុមទី១៧ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបែនដឹកដី និងគោយន្តកន្ត្រៃ បណ្តាលអោយមនុស្សស្លាប់ម្នាក់។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរវាងរថយន្តបែនដឹកដី ១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ភន ភុត ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិពេជ្របាន ឃុំក្រវ៉ាញ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ (គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ស៊ីឈ្នូលបើករថយន្តដឹកដីឱ្យឈ្មោះ ហេង ហុង ហៅវីត ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិអូពងមាន់ ឃុំតាគ្រាម បើកបរដឹកដីពីត្បូងទៅជើងមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយគោយន្តកន្ត្រៃបើកបរពីជើងទៅត្បូងដោយឈ្មោះ ឈិន ធា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឱស្លាប់នៅនិងកន្លែងកើតហេតុ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តដឹកដីបើកបរមិនប្រកាន់ស្តាំទើបទៅបុកនិងគោយន្តកន្ត្រៃពេញទំហឹងតែម្ដង។

បច្ចុប្បន្ន នគរបាលស្រុកបាណន់បានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅការិយាល័យជំនាញខេត្តដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕