របបគំហើញផូស៊ីលនៅតំបន់ភ្នំសំពៅ

ភ្នំសំពៅស្ថិតនៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយយើងអាចធ្វើដំណើរចេញពីខេត្តបាត់ដំបងតាមផ្លូវលេខ៥៧ មានចម្ងាញប្រមាណ ១២ គីឡួម៉ែត្រ។ បច្ចុប្បន្ននេះមានប្រជាជនរស់នៅពាសពេញ និងជាតំបន់ដ៍មានសក្តានុពលខាងផ្នែកទេសចរណ៍ធម្មជាតិ ដ្បិតអីទីតាំងនេះ សំបូរដោយភ្នំថ្មកំបោរ និងមានរូងភ្នំជាច្រើន ដូចជា ល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងស្ថានីយ។ ភ្នំថ្មកំបោរជាច្រើនដែលយើងឃើញនៅជុំវិញតំបន់ភ្នំសំពៅនេះមានដូចជា ភ្នំក្រពើ ភ្នំក្តោងសំពៅ ភ្នំទ្រុងមាន់ទ្រុងទា ភ្នំរំសាយសក់ សុវណ្ណសា ភ្នំសងក្បាល (នៅជិតស្រុកមង្គលបុរីសព្វថ្ងៃ ប៉ុន្តែអ្នកស្រុកហៅក្លាយមកថា ភ្នំសងក្បាន ទៅវិញ) ភ្នំសងក្បាល និងភ្នំក្រពាយនាង តែសព្វថ្ងៃគេហៅក្លាយមកថា ភ្នំបន្ទាយនាង។

ហើយម្យ៉ាងការហៅឈ្មោះភ្នំទាំងនេះ ក៍មានរឿងនិទានរៀបរាប់ពីមូលហេតុនៃការកកើតភ្នំទាំងនេះផងដែរ។ នៅក្នុងអត្ថបទនេះនឹងបង្ហាញអំពីការរកឃើញប្រភេទផូស៊ីលដ៍កម្រនិងជួបប្រទះនៅតំបន់ភ្នំសំពៅ ហើយនិងធ្វើការស្វែងយល់ថាតើភ្នំសំពៅពិតជាមានទំនាក់ទំនងនិងសមុទ្រយ៉ាងដូចម្តេច?

ភ្នំសំពៅជាប្រភេទភ្នំថ្មកំបោរ ដែលមានអតីតកាលនៅក្នុងសមុទ្រ។ ភ្នំនេះមានអាយុកាលនៅស័កទី១ Paleozoic ក្នុងសម័យ Permian ដែលមានអាយុកាល ២៥១ – ២៩៩ លានឆ្នាំមុន។ ហើយប្រទេសកម្ពុជាសម័យនោះអាចជាសមុទ្រនៅឡើយ ដោយយោងតាមការសិក្សាស្រាវជ្រាវថ្មីៗ ស្តីអំពីផូស៊ីលនៅកម្ពុជារបស់នាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន។ យើងបានរកឃើញភស្ថុតាងមួយចំនួនដែលបញ្ចាក់ថា ភ្នំសំពៅពិតជាធ្លាប់នៅក្នុងសមុទ្រ។ នៅតាមដងផ្លូវឡើងទៅកាន់ព្រះវិហារមួយដែលនៅលើកំពូលភ្នំសំពៅ យើងបានជួបប្រទះពពួកសត្វសមុទ្រដែលកប់នៅក្នុងថ្ម ដោយពពួកសត្វប្រភេទនេះមានឈ្មោះថា Brachiopods ដែលជាប្រភេទសត្វសមុទ្រ មានសណ្ឋានប្រហាក់ប្រហែលនឹងងាវបច្ចុប្បន្ន តែវាមានរូបរាងស្ទើរមូល និងមានសំបកឆ្នូតៗ។

ពពួកនេះស្ថិតនៅក្នុងក្រុមជាមួយសត្វកាឈីវ ដែលមានសំបកដូចគ្រំតែមានជើងមួយដុះចេញមក ក្រុមនេះមានច្រើននៅស័កទី១ ចាប់ពីស័កទី២ និងបន្តមកពេលបច្ចុប្បន្នមានតិចតួចនៅរស់រានមានជីវិត។ ក្នុងពេលបច្ចុប្បន្ននៅប្រទេសកម្ពុជាយើង យើងសង្កេតឃើញមានពពួកកាឈីវដែលនៅមានលើទីផ្សារលក់គ្រឿងសមុទ្រ តែក៍មិនទាន់ដឹងថានៅក្នុងសមុទ្រនៃប្រទេសកម្ពុចាមានប៉ុន្មានប្រភេទនោះទេ? ដ្បិតពួកកាឈីវជាប្រភេទសត្វដ៍ចំណាស់មួយ។ ក្រៅពីនេះយើងក៍បានជួបប្រទះពពួកផ្កាថ្ម២ ប្រភេទផ្សេងគ្នាដែលបានកប់ជាប់នៅក្នុងថ្មនៃកំពូលភ្នំ។ ពពួកខ្លះទៀតយើងក៍ពុំទាន់បានកំណត់អត្តសញ្ញាណវាបាននៅឡើយ ដូចជាពពួកផូស៊ីលម្យ៉ាងមានរាងមូលដូចគ្រាប់ឃ្លី មានទំហំប៉ុនកូនដៃ ផ្នែកខាងក្នុងមានរាងជាស្រទាប់ដូចជារង្វង់ច្រើនជាន់។ ផូស៊ីលមួយប្រភេទទៀតមានរាងដូចគ្រាប់អង្ករ ដែលពេលខ្លះគេច្រលំថាវាជាគ្រាប់ធញ្ញជាតិ និងពេលខ្លះគេថាពួកនេះជាផូស៊ីលស្រូវ ដែលយើងឃើញកប់ជាប់និងថ្មនៅភ្នំសំពៅដែរ។

យើងពិបាកក្នុងការជឿថាទឹកសមុទ្រអាចឡើងដល់កំពូលភ្នំសំពៅ តែជាការពិតណាស់សណ្ឋានដីមានការប្រែប្រួល ខ្លះក៍ងើបឡើង ឬស្រុតចុះក្នុងពេលតែមួយ។ រីឯសណ្ឋានដីភ្នំសំពៅក៍ដូចគ្នា មានន័យថានៅក្នុងពេលតែមួយក៍មានការរុញឡើងនៃស្រទាប់ផែនដីផងដែរ។ ដូច្នេះយើងក៍អាចយល់បានថាពពួកសត្វដែលយើងឃើញកប់នៅជាប់ភ្នំនេះ ដើមឡើយក្នុងក្នុងពេលដែលពួកវានៅមានជីវិត អាចស្ថិតនៅកម្រិតណាមួយដែលទាបជាងពេលបច្ចុប្បន្ន។ ភ្នំទាំងឡាយដែលមានរៀបរាប់ខាងលើដូចជា ភ្នំសំពៅ ភ្នំក្តោង ភ្នំបន្ទាយនាង (ខេត្តបន្ទាយមានជ័យ) គឺជាស្ថានីយផូស៊ីលសត្វសមុទ្រហើយការបង្ហាញទាំងនេះជាព័ត៌មានបឋមនៅឡើយ។

ប្រភពអត្ថបទ៖ AMS Khmer Civilization

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online