របួសធ្ងន់ស្រាលចំនួន ០៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកអង្គរជុំ
សៀមរាប៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្ដឆ្នៃកិនស្រូវ
ចំណុចភូមិរវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប លើផ្លូវកៅស៊ូពីឃុំស្រែខ្វាវ ទៅឃុំមោង ស្រុកស្រីស្នំ ។
សមត្ថកិច្ចបានឲ្យដឹងថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដាវេវ ពណ៍ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ត្លូក នី ភេទប្រុស អាយុ២៦ឆ្នាំ ពាក់មួកសុវត្ថិភាព បានដឹកអ្នករួមដំណើរចំនួន ០២នាក់ :
១.ឈ្មោះ សេង ឈន ភេទប្រុស អាយុ៥២ឆ្នាំ ជាឪពុកក្មេក
២. ឈ្មោះ ណិម ភា ភេទស្រី អាយុ៥១ឆ្នាំ ជាម្ដាយក្មេក ។
អ្នកទាំងពីររស់នៅភូមិធ្លក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរមានទិសដៅពីលិច ទៅកើតបានបុកប៉ះពីក្រោយ គោយន្ដកែឆ្នៃកិនស្រូវ ពណ៌ត្រួយចេក ស្លាកលេខ គ្មាន ឈ្មោះម៉ន ខូវ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិឈូករ័ត្ន ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចតនៅចិញ្ចើមផ្លូវខាងត្បូង បែរក្បាលទៅកើត ។
ក្នុងហេតុការណ៍នេះបណ្តាលអោយរបួសមនុស្សធ្ងន់ស្រាលចំនួន ០៣នាក់ (ស្រាល០១ ធ្ងន់០២នាក់ ) ម៉ូតូ និងគោយន្ដឆ្នៃ ខូចខាតស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីដោះស្រាយតាមនីតិវិធីបន្ត ៕