រយៈពេល១០ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន កើតដល់ជិត១១លានដុល្លារ

យោងសេចក្ដីព័ត៌មានរបស់ស្ថានទូតចិននៅកម្ពុជា បង្ហោះលើបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកនៅថ្ងៃទី១៩ ខែធ្នូ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២១ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានដល់ទឹកប្រាក់ ១០ ៩៨០លានដុល្លារ។

ការឈានទៅដល់កម្រិតទឹកប្រាក់ជាង១ម៉ឺនលានដុល្លារនៃទំហំពាណិជ្ជកម្មកម្ពុជាចិន បានសម្រេចមុនផែនការ ដែលថ្នាក់ដឹកនាំប្រទេសទាំង២ បានប្តេជ្ញាជំរុញរួមគ្នាឱ្យសម្រេចបាននៅក្នុងឆ្នាំ២០២៣។

សេចក្ដីព័ត៌មាននេះបញ្ជាក់ថា «យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញកាលពីថ្ងៃទី១៧ ខែធ្នូ ថា រយៈពេល១០ ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិនកម្ពុជាមានចំនួនឈានដល់ ១០ ៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ តួលេខនេះលើសពីចំនួន ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីមុនបានប្តេជ្ញាថា នឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិក នៅឆ្នាំ២០២៣»។

សូមរំលឹកថា កាលពីថ្ងៃទី១៧ធ្នូ រដ្ឋភិបាលប្រទេសចិនបានប្រកាសជាផ្លូវការនូវវិធីសាស្រ្តគ្រប់គ្រងទីតាំងផលិតទំនិញនាំចូលនាំចេញក្រោមលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលចិននិងរាជរដ្ឋាភិបាលកម្ពុជា។ វិធីសាស្រ្តនេះនឹងចូលជាធរមាននាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

សូមជម្រាបថា ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាចិនសម្រេចបានសរុបចំនួន ៨ ១១៨.០៧លានដុល្លារអាមេរិក ធ្លាក់ចុះ៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ៨ ៥៦៣.៣១លានដុល្លារ៕