រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរណ៍ជិត៧ម៉ឺន បានដើរលេងកំសាន្តតាមរមណីយដ្ឋានទាំង១០កន្លែង និងទីតាំងសង្ក្រាន្តត្បូងឃ្មុំ 

(ត្បូងឃ្មុំ)៖ គិតត្រឹមរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តត្បូងឃ្មុំ ដើរលេងកម្សាន្តសប្បាយតាមតំបន់រមណីយដ្ឋានចំនួន១០កន្លែងនៅទូទាំងខេត្ត មានសរុបប្រមាណ៦៨.១៩០នាក់ ក្នុងនោះស្រី៣៩.១៩៧នាក់ ភ្ញៀវបរទេស០០នាក់។ នេះបើតាមការអោយដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ។

លោក អឿន រិទ្ធ បានបញ្ជាក់ថា រមណីយដ្ឋានទាំង១០កន្លែង ក្នុងខេត្តរួមមាន រមណីយដ្ឋានទឹកធ្លាក់ហោង ហ្លួងព្រះស្តេចកន ភូមិនេសាទ(មាត់ឃ្មង់) ព្រះធាតុបាស្រី តាសែដូងក្រអូប ទឹកហូរអូរក្ដូង សួនបឹងក្រចាប់ ឬស្សីផ្កាឈូករ័ត្ន រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក៏ដូចជាតំបន់រដ្ឋបាលប្រមូលផ្តុំនៃទីរួមខេត្តត្បូងឃ្មុំ ពិសេសសង្ក្រាន្តត្បូងឃ្មុំ។

ប្រធានមន្ទីរទេសចររូបនេះ បន្ថែមថា នៅឆ្នាំថ្មីនេះរដ្ឋបាលខេត្តត្បុងឃ្មុំ ក្រោមការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ បានសម្រេចរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២២ ដោយរៀបចំសង្ក្រានត្បូងឃ្មុំចំនួន០២ទីតាំង នៅបរិវេណវត្តព្រៃអង្គរក្នុង ស្ថិតនៅឃុំដូនតី ស្រុកពញាក្រែក ជាទីតាំងទី១ ដោយមានលេងល្បែងប្រជាប្រិយចម្រុះ រាំលេងកំសាន្ត ជះទឹក ប៉ាតម្សៅជាដើម។

ចំណែកទីតាំងទី០២ ស្ថិតនៅមុខទន្លេសិប្បនិម្មិត ស្ថិតនៅតំបន់រដ្ឋបាលទីរួមខេត្ត ដោយមានរៀបចំស្តង់តាំងពិព័រណ៍ពាណិជ្ជកម្ម និងការប្រគុំតន្ត្រី។

បន្ថែមពីនេះក៏មានការរៀបចំធ្វើសង្រ្កាន្តនៅតាមបណ្តាវត្តអារាម សាលារៀន និងតំបន់កម្សាន្តនានាទូទាំងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ សម្តែងសិល្ប: និងតន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗ នៅតាមមូលដ្ឋានផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online