រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់រថយន្តដឹកវ៉ាក់សាំង ១០គ្រឿងដល់ប្រទេសឡាវ នៅចុងសប្ដាហ៍នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង

ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយប្រទេសឡាវ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង ដល់ប្រទេសនេះ ដែលពិធីប្រគល់នឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមីនានេះ បានឲ្យដឹងថា ការ សម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋឡាវនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយ ក៏ដូចជាការពង្រឹងនូវកិច្ច សហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដ របស់សម្ដេចតេជោក្នុងន័យ “កម្ពុជា ជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ” ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងនាំយករថយន្តដឹកវ៉ាក់សាំង ទៅប្រគល់ជូនភាគីឡាវ នៅចំណុចច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ ។

ប្រភព បានបន្ថែមថា កម្ពុជា ក៏តែងតែបាន និងកំពុងធ្វើដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិ នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់ ហើយអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានេះ នឹងរួមចំណែកបន្ថែមទៀតជូនប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវ ឲ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

កន្លងមកកម្ពុជា បានផ្ដល់ឧបករណ៍សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន២ដងរួចមកហើយ ក្នុងនោះមានផ្ដល់រថយន្ដដឹកវ៉ាក់សាំងចំនួន៣គ្រឿង បរិក្ខារវេជ្ជសាស្ត្រ វ៉ាក់សាំងកូវីដ-១៩ ហើយកាលពី ឆ្នាំ២០២១ សម្ដេចតេជោ បានផ្ដល់ថវិកាប្រមាណជាង១០លានដុល្លារ ដល់ប្រទេសមួយនេះផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online