រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យចាក់វ៉ាក់សាំងដូសទី៥ នៅថ្ងៃទី៩ ខែមិថុនា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញទី៥ ដល់ប្រជាពលរដ្ឋ ដែលមានគម្លាតពីដូសទី៤ យ៉ាងតិចចំនួន៣ខែ ដែលនឹងចាប់ផ្តើម ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

នៅក្នុងសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានលើកជាផែនការចំពោះអ្នកដែលបានចាក់ដូសទី៤រួចហើយ ក្នុងនោះមានមន្ត្រី អ្នកការទូត អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការិនី និងពិធីករ ពិធិការិនី។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តការការពារខ្លួន ចំពោះមុខការរាតត្បាត នៃជំងឺដែលមិនទាន់បានបញ្ចប់ ជាមួយនឹងការទទួលយកវ៉ាក់សាំង។ ចំពោះប្រជាពលរដ្ឋដែលទទួលបានដូសទី២រួចហើយ ត្រូវទៅទទួលយកដូសទី៣ ហើយដូសទី៤នឹងបន្ត ខណៈអ្នកដែលនឹងត្រូវចាក់ដូសទី៥ មិនមានចំនួនដល់៥០ម៉ឺននាក់នោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងដែរថា ក្នុងពេលជាមួយគ្នានោះ អ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យនានា មានត្រឹមតែ៨នាក់ប៉ុណ្ណោះ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន៤នាក់ និងនៅខេត្តបាត់ដំបង ចំនួន ៤នាក់ ហើយអ្នកជំងឺទាំងអស់ មានជំងឺផ្សេងៗ ដែលតម្រូវឲ្យទទួលការព្យាបាលបន្ត នៅក្នុងមន្ទីរពេទ្យ។

គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្ពុជា មិនមានករណីវិជ្ជមានជំងឺកូវីដ-១៩ រយៈពេល១៤ជាប់ៗគ្នាមកហើយ ខណៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើប្រជាជននៅទូទាំងប្រទេស បានចំនួន៩៣,៨៦ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាន នាក់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online