រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានមួយកន្លែងទៀតឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឯកភាពឲ្យសាងសង់ស្ពានមួយទៀត ឆ្លងកាត់ទន្លេបាសាក់នៅត្រង់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ…។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន កាលពីរថ្ងៃទី២១ ធ្នូ នៅទីស្តីការក្រសួងបានលើកឡើង អំពីគម្រោងសាងសង់ស្ពានមួយកន្លែងទៀតឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ គម្រោងនេះបានទទួលការឯកភាពពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីរួចហើយ ។

ក្នុងជំនួបនោះដែរបញ្ជាក់ថា ឯកឧត្តមចង់ឃើញនិស្សិតជំនាន់ក្រោយរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិមាតុភូមិ ជាពិសេសកសាងវិស័យសាធារណការ និងដឹកជញ្ជូនដែលជាវិស័យមួយដ៏មានសារសំខាន់ឱ្យមានការរីកចម្រើន ។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមថា ៖ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនជាថ្នាលបណ្តុះបណ្តាលតែមួយគត់ នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹងចំណេះធ្វើដល់និស្សិតឱ្យក្លាយជាវិស្វករអាចកសាងផ្លូវស្ពានប្រកបដោយគុណភាព ជូនប្រទេសជាតិមាតុភូមិយើង ដូនតាយើងបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀតមានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ដូច្នេះយើងមនុស្សជំនាន់ក្រោយ គួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តផងដែរដល់និស្សិតជំនាន់ទី១ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែមានឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីមានសមត្ថភាព បច្ចេកទេស ចំណេះដឹង និងជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងយកចំណេះវិជ្ជាទៅជួយកសាងប្រទេសជាតិមាតុភូមិឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាពថ្នាក់ដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជា ថ្នាក់ដឹកនាំប្រទេសជាតិយើងផងដែរ ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានប្តេជ្ញាត្រៀមនាំយកនិស្សិតរបស់យើងទៅកាន់ការដ្ឋានសាងសង់នានាដូចជា ៖ ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ ផ្លូវមួយចំនួនទៀតរួមមានគម្រោង សាងសង់ស្ពាននៅក្រចេះ គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមពីពីរគន្លងទៅបួនគន្លង គម្រោងពង្រឹង គុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១ រួមទាំងព្រលានយន្តហោះភ្នំពេញថ្មីផងដែរទោះបីគម្រោងនេះ មិនស្ថិតនៅក្នុងក្របខណ្ឌ ក្រសួងសាធារណការ និងដឹកជញ្ជូនការក៏ដោយ ដើម្បីស្វែងយល់ពីបទពិសោធន៍ និងការអនុវត្តជាក់ស្តែងលើការងារសាធារណការ៕