រាជរដ្ឋាភិបាលប្តេជ្ញា បញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ

ថ្លែងនៅក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ដែលជាបញ្ហា ច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅដោយបានដាក់ចេញវិធានការចំនួន ៥ចំនុចសំខាន់ដូចខាងក្រោម

ទី១-អនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីជូនដំណឹងលេខ៤៤២ សជណ.ហធ របស់ ទី ស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការអនុវត្តវិធានការលើការប្រមូល ពន្ធលើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទ ប្រចាំ ឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រោកក្រោមផ្លាកលេខក្រសួង ស្ថាប័នរដ្ឋ ជាពិសេសផ្លាក លេខ ខ.ម និង ន.ប ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វ កិច្ចពន្ធនិងអាករនាំចូលស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីគយ។

ទី២-ចំពោះម្ចាស់រថយន្ត ឯកជនជ្រកក្រោមផ្លាកលេខរដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធ និងអាករឱ្យបានមុនថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនៃ ប្រាក់ពន្ធអាករសរុបពី ១០០% មកត្រឹមតែ៩០%។ ប៉ុន្តែចំពោះរថយន្តទំនើបដែលទើបនាំចូលក្នុងឆ្នាំ ២០២១ ត្រូវបង់ពន្ធ និង អាករ ១០០% ដដែល។ ប្រសិនជាម្ចាស់ យានយន្តមិនបាន បំពេញកាតព្វកិច្ចបង់ពន្ធ និងអាករនោះទេ គឺក្រោយថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវយកពន្ធ និងអាករពេញ១០០% ព្រមទាំងត្រូវទទួលរងការផាកពិន័យទៀត ។

ទី៣- ចំពោះម្ចាស់រថយន្តចង្កូតស្តាំ ទាំងអស់ ត្រូវរួសរាន់មកបង់ប្រាក់ពន្ធអាករហើយទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធចំនួន១០%ដែរ និងត្រូវយករថយន្តទៅ កែ ចង្កូត ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅមិនអនុញ្ញាតឱ្យរថយន្តឯកជនដែលមានចង្កូតស្ដាំ ធ្វើដំណើរលើផ្លូវ សាធារណៈទៀតនោះឡើយលើកលែងតែរថយន្តចង្កូតស្ដាំមួយចំនួនដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាលក្ខណៈ ពិសេស ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម ជាដើម។

ទី៤-ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ អាជ្ញាធរដែនដីនិង កងកម្លាំងប្រដាប់អាវុធ ត្រូវសហការជាមួយគយ ដើម្បី បង្កើនសកម្មភាពទប់ស្កាត់និង បង្ក្រាបរថយន្តគ្មានពន្ធ ។ ក្នុង ករណីចាំបាច់ប្រសិនបង្ក្រាបបាន រថយន្តសេរីទំនើបគ្មានពន្ធ ដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និង សមាជិកព្រឹទ្ធសភា ជាដើម ដែលមិនគោរព ច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្តេច តេជោ នាយករដ្ឋមន្ត្រី ដើម្បី សម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញ ចេញពីគណបក្សថែមទៀត។

ទី៥-ទាំងអស់គ្នាត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុស ច្បាប់ ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online