រាជរដ្ឋាភិបាល សម្រេចពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធ លើចំណេញមូលធន រយៈពេល ២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពឱ្យពន្យារកាលបរិច្ឆេទកំណត់ដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល ២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តន៍ពន្ធ លើប្រាក់ចំណេញមូលធន រយៈពេល២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ នៃការអនុវត្តពន្ធនេះ។ ការពន្យានេះ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសំណើសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពដដែលបានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីជំរុញការវិនិយោគ អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ថា ការប្រមូលចំណូលពន្ធលើចំណេញមូលធន ត្រូវចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ បន្ទាប់ពីពន្ធនេះ ត្រូវបានពន្យា ពេលអនុវត្តន៍រយៈពេល១ឆ្នាំកន្លងមក ប៉ុន្តែពេលនេះ ត្រូវបន្តពន្យារពេល២ឆ្នាំទៀត ដែលចាប់ ផ្តើមប្រមូលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ ៕