រុស្ស៊ីមិនបានបង្ហាញខ្លួននៅក្នុងសវនាការតុលាការអន្តរជាតិ ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន
រុស្ស៊ី បានខកខានមិនបង្ហាញវត្តមាននៅក្នុងសវនាការដ៏សំខាន់មួយនៅឯតុលាការអន្តរជាតិ ដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នាតាមរយៈផ្លូវច្បាប់ ដែលការប្រយុទ្ធនេះបង្កើតឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធំបំផុតក្នុងទ្វីបអឺរ៉ុបក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។ បញ្ហាដែលស្ថិតក្នុងសំណុំរឿងនេះ គឺការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin អំពីអំពើប្រល័យពូជសាសន៍ ដែលលោកបានយកមកធ្វើជាហេតុផលសំអាងដើម្បីឈ្លានពានប្រទេសអ៊ុយក្រែន។
កៅអីដែលត្រូវបានត្រៀមទុកសម្រាប់ក្រុមអ្នកច្បាប់រុស្ស៊ីនៅទំនេរ នៅឯតុលាការយុត្តិធម៌អន្តរជាតិ។ អវត្តមានរបស់ភាគីរុស្ស៊ី នៅក្នុងសវនាការនេះ បានផ្ដល់ប្រៀបយ៉ាងខ្លាំងទៅឲ្យប្រេសិតមកពីភាគីអ៊ុយក្រែន គឺលោក Anton Korynevych ដែលបានលើកឡើងសំអាងហេតុជាច្រើនដើម្បីការពារប្រទេសរបស់លោក ប្រឆាំងនឹងទីក្រុងមូស្គូ នៅឯស្ថាប័នតុលាការដែលមានមូលដ្ឋាននៅក្នុងទីក្រងឡាអេមួយនេះ។
លោក បានថ្លែងដូច្នេះថា៖ «ការដែលភាគីរុស្ស៊ីអវត្តមាននៅពេលនេះ វាជាការបញ្ចាក់យ៉ាងច្បាស់មួយ។ ពួកគេមិនចូលរួមក្នុងតុលាការតាមផ្លូវច្បាប់នោះទេ មានន័យថា ពួកគេកំពុងជាប់ដៃធ្វើសង្គ្រាមនៅឯសមរភូមិ ប្រឆាំងនឹងប្រទេសរបស់ខ្ញុំ»។
តុលាការយុត្តិធម៌អន្តរជាតិ គឺជាតុលាការជាន់ខ្ពស់បំផុតសម្រាប់ដោះស្រាយជម្លោះតាមផ្លូវច្បាប់ រវាងរដ្ឋនិងរដ្ឋ។ ប្រទេសរុស្ស៊ី ត្រូវគេរំពឹងថានឹងដាក់បង្ហាញនូវអំណះអំណាងរបស់ខ្លួនកាលថ្ងៃអង្គារ ប៉ុន្តែពួកគេមិនបានធ្វើដូច្នេះទេ។ ប្រទេសរុស្ស៊ីមិនបានចូលរួមក្នុងសវនាការនេះទេ កាលពីថ្ងៃចន្ទ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា លោកបានឈ្លានពានអ៊ុយក្រែនដើម្បីការពារពលរដ្ឋដែលទទួលរងការរំលោភបំពាន និងអំពើប្រល័យពូជសាសន៍ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ទាំងរុស្ស៊ី និងអ៊ុយក្រែន គឺជាប្រទេសដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍អន្តរជាតិ។ អ្នកឯកទេសខាងអំពើប្រល័យពូជសាសន៍បានថ្លែងថា ការអះអាងរបស់លោក Putin គឺជាការអះអាងដែលគ្មានមូលដ្ឋានត្រឹមត្រូវ ហើយស្មាក្ដីជនជាតិបារាំងដែលការពារក្ដីឲ្យភាគីរុស្ស៊ី បានលាឈប់ និងបានចោទប្រកាន់ទីក្រុងមូស្គូថា បានរំលោភច្បាប់។
ប្រភព÷ VOA
