លីបង់៖ ហេតុការណ៍ផ្ទុះដ៏ធំនេះបានធ្វើឲ្យខូចខាត ៣ពាន់លានដុល្លារ ហើយពលរដ្ឋ៣០ម៉ឺននាក់ទៀត ក៏ត្រូវគ្មានជម្រក…

នៅប្រទេសលីបង់ប្រកាសកាន់ទុក្ខថ្នាក់ជាតិ ក្រោយហេតុការណ៍ផ្ទុះដ៏សម្បើមនៅកំពង់ផែក្រុងបេរូត បណ្តាលឱ្យមនុស្សស្លាប់ កើនឡើង ដល់ប្រមាណ១០០នាក់ ហើយអ្នករបួស ប្រហែលជា ៤ ០០០ពាន់។ នេះបើតាមអង្គការកាកបាទក្រហមលីបង់ ហើយនិងថាកំពុងតែបន្តរកមនុស្សបាត់ខ្លួនច្រើននាក់ទៀត។ ទំហំខូចខាតមានធំធេងណាស់ ដែលបណ្តាប្រទេសអន្តរជាតិ កំពុងតែចូលរួមរំលែកទុក្ខ និងស្នើសុំផ្តល់ជំនួយជាបន្ទាន់ដល់ លីបង់។
ការផ្ទុះដ៏សោកនាដកម្មនេះ កើតឡើងនៅម៉ោងជាង៦ល្ងាចថ្ងៃអង្គារ ម៉ោងនៅលីបង់។ ការផ្ទុះមានពីរលើកផ្ទួនគ្នា បង្កជាភ្លើងផ្សែងពេញអាកាស ចំហាយផ្ទុះបង្កឱ្យបែកបាក់រលំអគារដែលនៅក្បែរ កញ្ចក់ឡាន កញ្ចក់ផ្ទះនៅជិតៗនោះ បែករាយបាយធ្លាក់ពេញដី។ តាមវិទ្យាស្ថានខាងភូមិសាស្ត្ររបស់អាមេរិក, កម្រិតផ្ទុះគឺធំសម្បើមណាស់ ព្រោះថា សំឡេង និងកម្រិតរញ្ជួយ មានចម្ងាយដល់ ១៦០ ទៅ២០០គីឡូម៉ែត្រ ដល់ កោះ-ប្រទេស Chypre ។ កម្រិតរញ្ជួយ ទំហំស្មើនឹង៣,៣ ឯណោះ ស្ទើរតែស្មើការរញ្ជួយដីមួយដែរ។
ការខូចខាតប៉ះពាល់ច្រើនគីឡូម៉ែត្រនៅជុំវិញកន្លែងកើតហេតុ។ ភ្លើងឆេះដល់ទៅប្រហែលបីម៉ោង ទើបគេពន្លត់ចប់។ ចំនួនអ្នកស្លាប់និងរបួស បាត់ខ្លួន គេរាប់ឃើញចេះតែកើនឡើង។ អង្គការសហប្រជាជាតិប្រចាំនៅលីបង់ បញ្ជាក់ថា មានក្រុមកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិ រងរបួសដែរ ព្រោះនាវារបស់ពួកគេ ចតនៅជិតកន្លែងផ្ទុះ។ ក្រុងប៊ែរឡាំង ថាបុគ្គលិកមួយចំនួន របស់ស្ថានទូតអាល្លឺម៉ង់ ក៏រងរបួស។ អគ្គលេខាបក្សនយោបាយលីបង់ម្នាក់ បានស្ថិតក្នុងចំណោមជនរងគ្រោះដែរ។
អភិបាលក្រុងបេរូត ដែលបញ្ជាក់ប្រាប់កាសែតបារាំងនៅថ្ងៃពុធ ថាទំហំនៃការខូតខាត អាចស្មើនឹងច្រើនជាង ៣ពាន់លានដុល្លារ អាមេរិក។ ពេលនេះ វាធ្វើឱ្យប្រជាពលរដ្ឋលីបង់ ប្រមាណ ៣០ម៉ឺននាក់ គ្មានជម្រកស្នាក់នៅ។
អាមេរិកថា អាចមកពីការ«វាយប្រហារភេរវកម្ម» អ៊ីស្រាអែលច្រានចោលថាមិនពាក់ព័ន្ធខ្លួនទេ។ ដូច្នេះ តើបណ្តាលមកពីមូលហេតុអ្វី?
ប្រភពពីសហរដ្ឋអាមេរិក ដែលមានក្រុមស៊ើបការណ៍សម្ងាត់ដ៏ខ្លាំងផង ប្រធានាធិបតី ដូណាល់ ត្រាំ លើកឡើងថា ការផ្ទុះសម្លាប់មនុស្សយ៉ាងសម្បើមដូច្នេះ វាស្រដៀងដូចគ្នានឹង«អំពើវាយប្រហារភេរវកម្ម»ណាមួយដូច្នោះដែរ។ បើតាមលោក ដូណាល់ ត្រាំ, អ្នកជំនាញយោធាអាមេរិក បាននិយាយប្រាប់លោកថាអាចបង្កពី«គ្រាប់បែកផ្ទុះ»ផង។ ទោះយ៉ាងណាក្តី ប្រធានាធិបតីអាមេរិក មិនបានបញ្ជាក់ថាលោកបានដំណឹងពីណាទេ។
នៅក្នុងបរិបទនៃការតានតឹងនិងការសង្គ្រឺតធ្មេញដាក់គ្នារវាងអ៊ីស្រាអែល និងពួក Hezbollah លីបង់នៅព្រំដែន គេបានដាក់ការសង្ស័យខ្លះដែរ ចំពោះអ៊ីស្រាអែល។ ក៏ប៉ុន្តែ មន្ត្រីទូតជាន់ខ្ពស់របស់ក្រុងហ្សេរូសាឡិម ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅភ្នាក់ងារសារព័ត៌មាន Reuters ថា «អ៊ីស្រាអែលគ្មានពាក់ពន្ធក្នុងគ្រោះថ្នាក់ផ្ទុះនេះឡើយ»។ ពេលនេះ អ៊ីស្រាអែល តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានស្នើសុំជួយផ្តល់ជំនួយ ដល់លីបង់ទៀតផង។
យ៉ាងណាក៏ដោយ ដំណើការស៊ើបអង្កេតរកមូលហេតុរបស់ប៉ូលិសវិទ្យាសាស្ត្រ កំពុងតែបន្តធ្វើនៅឡើយ។ អ្វីដែលយើងដឹងច្បាស់ គឺតាមប្រភពចេញពីអាជ្ញាធរលីបង់។ លីបង់ដែលបានបើកការប្រជុំក្រសួងការពារជាតិជាបន្ទាន់ក្រោយការផ្ទុះភ្លាមៗ ហើយក្រុមប្រឹក្សាជាន់ខ្ពស់ខាងការពារជាតិ បានសន្និដ្ឋានបឋមថា ការផ្ទុះនេះ ចេញពីឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២ ៧៥០តោន។ សារធាតុគីមីនេះ ស្ទុកក្នុងឃ្លាំង យូរច្រើនឆ្នាំមកហើយ គឺយ៉ាងហោច៦ឆ្នាំហើយ។ អាជ្ញាធរលីបង់ បានពន្យល់ថា ការផ្ទុះមកពីសារធាតុអាម៉ូញ៉ូមនីត្រាត នោះឯង។
សារព័ត៌មាននៅក្នុងស្រុកលីបង់ បានចោទសួរយ៉ាងខ្លាំង តើវាអាចទៅរួចដូចម្តេចកើត? ហេតុអ្វីអាជ្ញាធរបណ្តោយឱ្យទុកសារធាតុដែលអាចផ្ទុះបង្កគ្រោះថ្នាក់ខ្លាំង ដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវបែបនេះ នៅកណ្តាលក្រុងដែលមានពលរដ្ឋពីលាននាក់យ៉ាងដូច្នេះ? ជាសំណួរដែលនៅតែមិនទាន់មានចម្លើយពិតថាម្តេចទេ។
ចំណុចមួយដែលគេគួរចាប់អារម្មណ៍ គឺប៉ុន្មានខែមុននេះ ក្រុមសមត្ថកិច្ចថ្នាក់ក្រោមខាងរក្សាសុវត្ថិភាព បានជូនដំណឹងពីហានិយភ័យ និងពីក្តីបារម្ភ ថាអាចនឹងមានសញ្ញាណមិនសូវល្អសោះ ហើយវាអាចនឹងបង្កគ្រោះថ្នាក់ផង ព្រោះឃ្លាំងស្ទុកសារធាតុគីមី មានទំហំច្រើន ហើយនៅក្បែរនឹងកន្លែងរក្សាទុកកំាជ្រួចផងទៀត។ សមត្ថកិច្ចថ្នាក់ក្រោម បានស្នើជូនយោបល់ដល់ថ្នាក់លើ ឱ្យដឹកសារធាតុអាម៉ូញ៉ូមនីត្រាត ទៅទុកន្លែងផ្សេង ដែលសុវត្ថិភាពជាងនេះ។ ក៏ប៉ុន្តែ មិនទាន់មាននរណាអើពើសោះ រហូតមកដល់ទល់នឹងពេលកើតហេតុសោកនាដកម្ម។
នាយករដ្ឋមន្ត្រីលីបង់ លោក Hassan Diab ថា មិនអាចនៅស្ងៀមបានទេ ហើយនឹងត្រូវរកមុខអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ ព្រមទាំងដាក់ទោស ជាទម្ងន់៕


By: Bonny From : RFI