លួចម៉ូតូគេពីភ្នំពេញ មកជាប់អន្ទាក់នៅក្រុងពោធិ៍សាត់
(ខេត្តពោធិ៍សាត់)- នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦ៈ៣០ នាទី នៅការ៉ាស់សាំង PTT ស្ថិតនៅខណ្ឌចោមចៅ រាជធានីភ្នំពេញ មានករណីលួចម៉ូតូ ០១គ្រឿង ម៉ាក KAWAZAKI Z1000R Edition ពណ៌ខ្មៅ-ត្រួយចេក ផលិតនៅឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1JD-9955 រួចជិះគេចខ្លួនបាត់ ដោយជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ អ៊ន រតនៈសិលា ភេទប្រុស អាយុ ២៦ឆ្នាំ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣។ ក្រោយមកជនរងគ្រោះក៏បានទទួលតម្រុយថាជនសង្ស័យជិះគេចខ្លួនមកកាន់ខេត្តពោធិ៍សាត់ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីអោយជួយអន្តរាគមន៍ដើម្បីស្វែងរកជនសង្ស័យនិងម៉ូតូដែលមានភិនភាគខាងលើ។ ក្រោយពីបានទទួលពាក្យបណ្ដឹងរួច លោក វរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ក៏បានដឹកនាំកម្លាំងពួនស្ទាក់រងចាំឃ្លាំមើលភិនភាគម៉ូតូខាងលើ នៅតាមដងផ្លូវជាតិលេខ០៥។ លុះវេលាម៉ោង ១៩ៈ១៣នាទី មកដល់ចំនុចខាងកើតរង្វង់មូលផ្តិលចម្ងាយប្រហែល៥០០ម៉ែត្រ ក៏បានប្រទះម៉ូតូដែលមានភិនភាគខាងលើជិះទិសដៅពីកើតទៅលិច កម្លាំងយើងក៏បានសុំអោយជនសង្ស័យឈប់ម៉ូតូ ប៉ុន្តែជនសង្ស័យក៏បានជិះម៉ូតូបកទៅក្រោយដើម្បីគេចខ្លួន តែក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅលើដងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិព្រៃឧម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនសង្ស័យមានឈ្មោះ លន់ ធារិទ្ធ ហៅ ធិ អាយុ ៣១ឆ្នាំ ភេទប្រុស រស់នៅ ទីលំនៅមិនពិតប្រាកដ រាធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃុំខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕