លឿនម៉្លេះ! បុកម៉ូតូកង់បីមិនអស់ចិត្ត ទៅពន្លះរទេះមីឆាទៀត
រាជធានីភ្នំពេញ ៖ ខណៈរ៉ឺម៉កកង់បីមួយគ្រឿងបត់ត្រឡប់ក្រោយ ស្រាប់តែត្រូវរថយន្តដឹកមាន់មួយគ្រឿងបុករះ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៤នាក់ បន្ទាប់មករថយន្តក៏ជ្រុលទៅបុករទេះលក់មីឆានៅចិញ្ចើមផ្លូវទៀត បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅចំណុចស្តុបទួលពង្រ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តមួយគ្រឿងដឹកមាន់ខាងលើជារថយន្តប្រភេទកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល ៣A-១៧៦៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមនុស្សចំនួន៥នាក់ជិះលើរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតហើយបត់ត្រឡប់ក្រោយវិញនៅចំណុចស្តុបទួលពង្រ ស្រាប់តែមានរថយន្តដឹកមាន់មួយគ្រឿងខាងលើ បើកក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចបានបុករ៉ឺម៉កកង់បីពីក្រោយ បណ្តាលឲ្យអ្នកជិះលើរ៉ឺម៉កកង់បីរងរបួសធ្ងន់២នាក់និងស្រាល២នាក់ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មករថយន្តបង្កខាងលើបានរ៉េចង្កូតទៅផ្នែកខាងស្តាំ ឡើងខឿនចិញ្ចឹមផ្លូវ បុករទេះលក់មីឆា និងតុកៅបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តបង្កបើកបានប្រមាណជាង២០ម៉ែត្រ ហើយអ្នកបើកបរក៏បានរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះ ជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្ត ឯកជនដឹកយកទៅសង្គ្រោះផងដែរ ដោយ២នាក់ត្រូវបានខាងរថយន្តរបស់គ្លីនិកឯកជនដឹក យកទៅសង្គ្រោះ និង២នាក់ទៀតត្រូវបានរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ។
ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់អោយជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែង រួចយកវត្ថុតាងនៅកន្លែងកើតហេតុទៅរក្សាទុក ដើម្បីរង់ចាំធ្វើការការដោះស្រាយនៅពេលថ្ងៃក្រោយ ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/