លឿនម៉្លេះ! កៀរម៉ូតូហើយជ្រុលបុកចូលផ្ទះលក់គ្រឿងសំណង់ទៀត
រាជធានីភ្នំពេញ ៖ រថយន្តទ្រុងដឹកទំនិញ១គ្រឿង ខណៈបើកបរក្នុងល្បឿនលឿនសុខៗ ស្រាប់តែរេចង្កូតបុកឡើងលើសួនសួនច្បារពុះចែកទ្រូងផ្លូវ ហើយឆ្លងផ្លូវពីម្ខាងទៅម្ខាងកៀរអ្នកជិះម៉ូតូ បណ្ដាលឱ្យដួលរងរបួស២នាក់ រួចជ្រុលទៅបុកចូលក្នុងផ្ទះលក់គ្រឿងសំណង់មួយកន្លែង បណ្ដាលឲ្យរងការខូចខាតសម្ភារៈជាច្រើនក្នុងនោះមានម៉ូតូ២គ្រឿងទៀតផងដែរ ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសនោះឡើយ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវលេខ២១៧ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តទ្រុងដឹកទំនិញមួយគ្រឿងខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AQ -០៣៣៦ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបាននគរបាល និងប្រជាការពារតាមចាប់បានខណៈព្យាមយាមរត់គេចខ្លួន។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកទំនិញ១គ្រឿងខាងលើបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងកល ពុំដឹងថាយ៉ាងម៉េចនោះទេ ស្រាប់តែរេចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ហើយផ្លោងពីម្ខាងទៅម្ខាងកៀរម៉ូតូ១គ្រឿងជិះគ្នា២នាក់ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ខ្មៅលាយក្រហម ដែលបើកបរក្នុងទិសដៅបញ្ច្រាគ្នា បណ្ដាលឲ្យដួលរងរបួសទាំង២នាក់ ។ បន្ទាប់មករថយន្តនេះមិនទាន់អស់ល្បឿនទៀត ហើយបានជ្រុលទៅបុកចូលផ្ទះលក់គ្រឿងសំណង់មួយនៅជិតនោះទាំងកម្រោល បណ្ដាលឲ្យខូចខាតសម្ភារៈសំណង់មួយចំនួន រួមនឹងម៉ូតូក្នុងនោះចំនួន២គ្រឿងផងដែរ ប៉ុន្តែជាសំណាងមិនបានបណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសឡើយ។

តាមប្រភពដដែលបានបន្តថា ក្រោយពេលបង្កហេតុ បណ្ដាលឲ្យមានអ្នករងរបួសនិងបុករះជាបន្តបន្ទាប់បែបនេះរួចហើយ អ្នកបើកបររថយន្តបានរត់គេចខ្លួនដែរ ប៉ុន្តែរត់មិនរួច ដោយសារត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងប្រជាការពារដេញតាមចាប់បានរួចនាំទៅសាកសួរនិងកសាងសំណុំរឿង។ បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅកាន់កន្លែងកើតហេតុនាំយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕



អត្ថបទ៖ https://kohsantepheapdaily.com.kh/