លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ថ្លែងសុន្ទរកថាក្នុងអង្គមហាសន្និបាតលើកទី៤១ នៃអង្គការយូណេស្កូ

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា បានឡើងថ្លែងសុន្ទរកថាក្នុងអង្គមហា​សន្និបាតលើកទី៤១ និងជាខួប៧៥ឆ្នាំនៃអង្គការយូណេស្កូដោយបានរំលេចអំពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជាក្នុងការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌវប្បធម៌ជាតិដែលត្រូវបានអង្គការយូណេស្កូបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយបានលើកឡើងអំពីសារៈសំខាន់នៃតួនាទីរបស់វប្បធម៌ អប់រំ និងការផ្សព្វផ្សាយ ក្នុងនោះមានដូចជា៖

– កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រជាជាតិអាស៊ី-អាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា ខ្ពស់ជាងគេ

– ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានពន្លឿនការអនុវត្តកាលវិភាគអប់រំឆ្នាំ២០៣០ ដែលផ្តោតទៅលើសរសគ្រឹះចំនួន៣ គឺ អភិវឌ្ឍគុណភាពអប់រំ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងពង្រឹងការអប់រំក្រៅប្រព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីអក្ខរកម្មសម្រាប់កម្មកររោងចក្រ ជាមួយនឹងអត្រាភាពជោគជ័យរហូតដល់៧២% ក្នុងចំណោមកម្មករចុះឈ្មោះចូលរៀន។

– រំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទុកវិស័យវប្បធម៌ជាតិ ជាវិស័យអាទិភាព ជាពិសេសកិច្ចការពារឱ្យបាននូវរមណីយដ្ឋាន បេតិកភណ្ឌពិភពលោករបស់កម្ពុជានានា ស្តែងឡើង តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ក្រោមការប្រើប្រាស់ធនធានមនុស្ស ដែលខ្លួនមាន សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានទាំងផ្នែករូបី និងអរូបី ក្នុងអំឡុងការរាតត្បាតជំងឺឆ្លងកូវីដ១៩ នាពេលកន្លងមកនេះ។ លោកជំទាវក៏បានថ្លែងអំណរគុណផងដែរ គណៈកម្មាធិការអន្តរជាតិសម្រាប់កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តនានារបស់កម្ពុជា ដូចជា ICC-អង្គរ សំបូរព្រៃគុក និង ICC-ព្រះវិហារ ចំពោះកិច្ចគាំពារនានា។

– ដោយឡែកវិស័យសារព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរជាពិសេសដោយផ្តល់សិទ្ធិសេរីភាពបញ្ចេញមតិ ព័ត៌មានប្រកបដោយក្រមសីលធម៌ និងការចងក្រងឯកសារបេតិកភណ្ឌផងដែរ។ តាមរយៈនេះ គម្រោងចងក្រងប័ណ្ណសារសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានបញ្ចប់ហើយសាធារណៈជនអាចចូលមើលបានគ្រប់ពេល។ គួរកត់សម្គាល់ផងដែរថា សារមន្ទីរប្រល័យពូជសាសន៍នេះ បានទទួលរង្វាន់នៃការចងចាំពិភពលោកឆ្នាំ២០២០ (Prix UNESCO/Jikji) ក្នុងនាមជាមជ្ឈមណ្ឌលអស្ចារ្យ សម្រាប់ការអប់រំ ឆ្ពោះទៅរកសន្តិភាព និងការអប់រំប្រជាជនសាកលលោក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online