លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនាឆ្នាំ២០២៣ លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ២០៦៧នាក់ ដែលធ្វើឡើងនៅទីតាំងសាលា ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចទាំង២តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តមណ្ឌលគិរី ជាពិសេសអាជ្ញាធរស្រុកកោះញែក ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ នៅក្នុងឱកាសនោះផងដែរលោកជំទាវក៏បានផ្តល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនចាស់ជរាដែលខ្វះខាតក្នុងជីវភាពចំនួន៣០នាក់ផងដែរ៕