លោកផ្កាយមួយម្នាក់ផឹកស៊ីលេបខាយសម្តីស្ត្រីស្រស់សោភាជាម្ចាស់ហាងចុះឡើង ក៏ទាស់សម្តីគ្នារួចបោកកែវបោកចាន ហើយដកកាំភ្លើងគំរាមបាញ់

ភ្នំពេញ៖ បុរសស្លៀកពាក់ស៊ីវិលដែលគេស្គាល់ថាជានគរបាលជាន់ខ្ពស់ពាក់ផ្កាយមួយតួនាទីអនុប្រធាននាយកដ្ឋានសន្តិសុខឯកជនមួយរូប បានចូលមកផឹកស៊ី ខណៈស្រវឹងស្រឿងៗលែបខាយសម្ដីសុំស្នេហ៍ពីស្ត្រីរូបស្រស់សោភាម្នាក់ជាម្ចាស់ហាងមិនបាន ក៏ទាស់សម្ដីគ្នាឈានដល់ទាញកែវបោកចោល ហើយក៏ឡើងបើករថយន្តស្លាកលេខនគរបាលទៅបាត់ មួយសន្ទុះក្រោយមកក៏បើករថយន្តមកឈប់មុខហាង រួចដកកាំភ្លើងខ្លីគំរាមបាញ់ បណ្ដាលឲ្យភ្ញៀវរត់ចែកជើងគ្នា ធ្វើឲ្យម្ចាស់ហាងរាយការណ៍ប្រាប់សមត្ថកិច្ច ទើបបើករថយន្ត LEXUS RX400h ស្លាកលេខនគរបាលគេចខ្លួន ត្រូវបានសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ប្រដេញតាមឃាត់បានទាំងអ្នកបើក និងរថយន្តនៅផ្លូវជាតិលេខ១ មុខមន្ទីរសម្រាកព្យាបាលច្បារអំពៅ យកមកសួរនាំនៅខណ្ឌចំការមន។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០១:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅភោជនីយដ្ឋានមួយយីហោ វិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ សង្កាតទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ត្រីរូបស្រស់សោភាជាម្ចាស់ហាងមានឈ្មោះ លីលី ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៦ ហាងវិមានព្រិលកើតហេតុខាងលើ។
ប្រភពពីអ្នកផឹកស៊ីក្បែរនោះបានឲ្យដឹងថា ហាងខាងលើទើបនឹងបើកបានជាង១០ថ្ងៃប៉ុណ្ណោះ មុនពេលកើតហេតុ គេឃើញបុរស២នាក់ ស្លៀកពាក់ស៉ីវិល ក្នុងនោះមាន(លោកឧត្តមសេនីយ៍ត្រី) បានជិះរថយន្តម៉ាកឡិចស៊ីស LEXUS RX400h ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល 2-7119 បានចូលផឹកស៊ី នៅហាងកើតហេតុ ហើយគេឃើញបុរសនោះ ស្រវឹងស្រឿងៗបានលេបខាយសម្ដីស្នេហាជាមួយម្ចាស់ហាង មួយសន្ទុះក្រោយមក ក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាងមួយប្រាវ បណ្ដាលឲ្យធ្លាក់កែវនិងខូចខាតសម្ភារៈក្នុងហាងមួយចំនួនផងដែរ តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ហើយក៏ឡើងបើករថយន្តចេញបាត់ទៅ។
ប្រភពបន្តទៀតថា មួយសន្ទុះក្រោយមក ស្រាប់តែបើករថយន្តមកវិញ ហើយបានដកកាំភ្លើងខ្លីមួយដើម គំរាមបាញ់ ក៏ត្រូវម្ចាស់ហាងរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថខណ្ឌចំការមន បានទៅដល់កន្លែងភ្លាមៗ តែជនបង្កបានឡើងបើករថយន្ត LEXUS RX400h ពាក់ស្លាកលេខនគរបាល គេចចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន ដេញតាមពីក្រោយ តាមផ្លូវ៤៣០ បត់ឡើងឆ្លងកាត់តាមផ្លូវ២៧១ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ប្រទះកម្លាំងអន្តរាគមន៍ពិសេសរបស់អធិការដ្ឋានខណ្ឌមានជ័យ កំពុងល្បាតក្នុងមូលដ្ឋាន ក៏បានសហការគ្នាចេញជួយអន្តរាគមន៍ ប្រដេញតាមរហូតដល់ផ្លូវជាតិលេខ១ មុខមន្ទីរសម្រាកព្យាបាលច្បារអំពៅ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ទើបធ្វើការឃាត់រថយន្តនិងអ្នកបើកបរដែលជាខ្មាន់កាំភ្លើងនោះបាន ដោយសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើម ម៉ាក CF-98 និងរថយន្តមួយគ្រឿង ម៉ាក LEXUS RX400H ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល 2-7119 រួចនាំខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌចំការមនតែម្ដង។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាន បង្ហាញកាតថាខ្លួន ជានគរបាល មានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី ឋានៈ អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន (ពាក់ផ្កាយមួយ) មានទីលំនៅផ្ទះលេខ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ក្នុងករណីនេះ សមត្ថកិច្ចនគរបាលខណ្ឌចំការមនបានបញ្ជាក់ថា ភាគីខាងជនសង្ស័យអត់ទាន់បានបំភ្លឺពីដើមហេតុដើមទងនៃការកើតហេតុនៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យ និងស្រ្តីជាម្ចាស់ហាង ដើម្បីធ្វើការតាមនីតិវិធី ៕