លោកដូណាល់ ត្រាំ ថានឹងហាមឃាត់លែងឲ្យមានកម្មវិធី TikTok របស់ចិននៅអាមេរិក
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានប្រកាសថាលោកនឹងចេញក្រឹត្យមួយនៅថ្ងៃសៅរ៍នេះ ដើម្បីរារាំងមិនឲ្យកម្មវិធី Tik Tok របស់ចិនធ្វើប្រតិបត្តិការនៅអាមេរិកបាន។ សេចក្តីប្រកាសរបស់លោកដូណាល់ ត្រាំនេះ ធ្វើឡើងពីព្រោះតែអាជ្ញាធរសន្តិសុខអាមេរិកលើកឡើងពីក្តីបារម្ភដែលថា កម្មវិធីបណ្តាញសង្គមរបស់ចិនមួយនេះ អាចជាឧបករណ៍សម្រាប់ស៊ើបការណ៍របស់រដ្ឋាភិបាលចិន។ តើកម្មវិធី Tik Tok ពិតជាឧបករណ៍ស៊ើបការណ៍ឲ្យក្រុងប៉េកាំងមែនឬយ៉ាងណា? ក្រៅពីសហរដ្ឋអាមេរិក តើមានប្រទេសណាខ្លះទៀតដែលហាមឬមិនឲ្យប្រើ Tik Tok?
តើ TikTokជាអ្វី?
Tik Tok គឺជាសេវាកម្មចែករំលែកវីដេអូតាមបណ្តាញសង្គមរបស់ចិនដែលត្រូវបានបង្កើត ដោយក្រុមហ៊ុនបាយដាន (ByteDance) ជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធ័រណេតមួយបង្កើតឡើងក្នុងឆ្នាំ ២០១២ មានមូលដ្ឋាននៅទីក្រុងប៉េកាំងប្រទេសចិន។
វេទិកាសង្គម Tik Tok បានផ្ទុះប្រជាប្រិយភាពខ្លាំងនៅប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសយុវវ័យក្មេងៗអាយុខ្ទង់ ២០ ឆ្នាំ ពេញនិយមលេងកម្មវិធី Tik Tok ហ្នឹងណាស់ ហើយបើតាមការប៉ាន់ស្មាន មានមនុស្សចំនួនរាប់ពាន់លាននាក់នៅទូទាំងពិភពលោកកំពុងប្រើប្រាស់ឬ លេង Tik Tok។
មនុស្សរាប់រយលាននាក់ បានងាកមកលេង TikTok ក្នុងគោលបំណងកម្សាន្ត និងតភ្ជាប់ទំនាក់ទំនង។ ជាធម្មតា អ្នកប្រើកម្មវិធី Tik Tok បង្កើតជាវីដេអូខ្លីៗ មានរយៈពេលប្រមាណ ១៥ វិនាទី ដើម្បីចែករំលែកវីដេអូដែលវីដេអូទាំងនោះជារឿយៗ គឺជាការធ្វើមាត់ត្រាប់ច្រៀងតាមបទចម្រៀង ឬក៏រឿងកំប្លុកកំប្លែងផ្សេងៗជាដើម។ល។
ហេតុអ្វីបានជាលោកដូណាល់ ត្រាំ ចង់ហាមមិនឲ្យប្រើ Tik Tok នៅអាមេរិក?
កម្មវិធី Tik Tok កំពុងមាននិងកើនប្រជាប្រិញភាពខ្លាំង។ យុវវ័យអាមេរិកកាន់តែច្រើនឡើងៗ បាននាំគ្នាងាកមកលេង Tik Tok។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់កម្មវិធី Tik Tok សកម្មប្រចាំខែមានចំនួនប្រមាណ ៨០០ លាននាក់ ដែលភាគច្រើននៃអ្នកប្រើប្រាស់ទាំងនោះ គឺនៅសហរដ្ឋអាមេរិក និងឥណ្ឌា។ ហើយគិតតែនៅអាមេរិកតែឯង អ្នកប្រើ Tik Tok សកម្មប្រចាំខែ មានចំនួនប្រមាណ ២៦,៥ លាននាក់។
ដោយឡែក ខណៈពេលដែល Tik Tok កាន់តែល្បីនិងពេញនិយមក្នុងចំណោមប្រជាជនរបស់ខ្លួន អាមេរិកក៏ផ្តើមមានចិត្តព្រួយបារម្ភថា Tik Tok អាចជាឧបករណ៍ប្រើប្រាស់ចិន ដើម្បីស៊ើបការណ៍ពីអាមេរិក។
នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាជ្ញាធរសន្តិសុខ និងសមាជិកសភាអាមេរិក បានសម្តែងនូវការភ័យខ្លាចថា កម្មវិធីវីដេអូដ៏ពេញនិយម Tik Tok អាចត្រូវបានគ្រប់គ្រងដោយទីក្រុងប៉េកាំង ដើម្បីប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលអាមេរិកខ្លះទៀត បារម្ភខ្លាចទៀតថា TikTok អាចជាគោលដៅរបស់បរទេសដើម្បីលូកដៃជ្រៀតជ្រៀតចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ ពោលគឺដូចជាអ្វីដែលបានធ្វើនៅលើហ្វេសប៊ុក និងធ្វីតធឺ ក្នុងការបោះឆ្នោតឆ្នាំ នា ២០១៦កន្លងមក។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រម្សិលមិញ លោកដូណាល់ ត្រាំ បាននិយាយថា នៅពេលដែល TikTok បង្កឲ្យមានក្តីព្រួយបារម្ភ គេត្រូវហាមឃាត់មិនឲ្យកម្មវិធីនេះ មានវត្តមាននៅសហរដ្ឋអាមេរិកឡើយ។
ទន្ទឹមគ្នានេះ លោកត្រាំ ក៏បានបន្ថែមទៀតថា លោកនឹងចាត់វិធានការភ្លាមៗ នៅថ្ងៃសៅរ៍ ទី ១ សីហា តែម្តង ដោយប្រើបទបញ្ជាពិសេសរបស់ប្រធានាធិបតី បញ្ចេញក្រឹត្យមួយដើម្បីហាម Tik Tok ពីការធ្វើប្រិតបត្តិការនៅក្នុងទឹកដីអាមេរិក។
ទោះយ៉ាងនេះក្តី គេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ថាលោកដូណាល់ ត្រាំ មានសិទ្ធិអំណាចអ្វីពិសេស ក្នុងការហាមឃាត់ TikTok។ បន្ថែមលើនេះ គេ ក៏នៅមិនទាន់ច្បាស់ដែរថាតើការហាមឃាត់នោះ នឹងត្រូវអនុវត្តយ៉ាងដូចម្តេច ហើយនឹងត្រូវប្រឈមនឹងនិតិវិធីច្បាប់អ្វីខ្លះ?
មានការរាយការណ៍ថា ក្រុមហ៊ុន Microsoft កំពុងពិភាក្សាទិញកម្មវិធីTikTok ពីក្រុមហ៊ុនByteDance។ ក៏ប៉ុន្តែ លោក Trump ហាក់ដូចជាមានការសង្ស័យ និងមិនសប្បាយចិត្តឡើយចំពោះកិច្ចពិភាក្សាលក់ដូរនេះ។
ប្រសិនណាបើក្រុមហ៊ុន Microsoft ពិតជាទិញយក TikTok បានមែននោះ វានឹងក្លាយទៅជាដៃគូប្រជែងដ៏ខ្លាំងមួយ របស់បណ្តាញសង្គមហ្វេសប៊ុក និង យូរធូប ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀតរបស់អាមេរិក ដែលនេះនឹងធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងនូវទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសអាមេរិក។
គួរគូសបញ្ជាក់ជូនដែរថា អាមេរិកមិនមែនជាប្រទេសទី ១នោះទេ ដែលចង់ហាមមិនឲ្យប្រើ កម្មវិធី TikTok របស់ចិន។ ជាក់ស្តែង ប្រទេសឥណ្ឌា បានសម្រេចហាមមិនឲ្យប្រើ TikTok រួចហើយកាលពីចុងខែមិថុនាកន្លងទៅ ដោយសារតែបារម្ភពីបញ្ហាសន្តិសុខ និងសិទ្ធិឯកជន ស្របពេលដែលប្រទេសផ្សេងទៀតត្រូវបានគេរាយការណ៍ដែរថា កំពុងចាត់វិធានការស្រដៀងគ្នានេះ។ ក្នុងចំណោមនោះ មានអូស្រ្តាលីដែលជាប្រទេសបានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei និងក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ ZTE ក៏កំពុងពិចារណាហាមមិនឲ្យប្រើ TikTok ក្នុងប្រទេសរបស់ខ្លួនដែរ។
ប្រតិកម្មរបស់ក្រុមហ៊ុន TikTok ចំពោះក្តីបារម្ភរបស់អាមេរិក
តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI
បន្ទាប់ពីមន្រ្តីសន្តិសុខ ហើយនិងសមាជិកសភាអាមេរិក បានសម្តែងនូវការភ័យខ្លាចថា កម្មវិធី TikTok អាចត្រូវបានប្រើប្រាស់ដោយទីក្រុងប៉េកាំងសម្រាប់គោលបំណងមិនសមហេតុផល ក្រុមហ៊ុន TikTokក៏បានចេញមុខបដិសេធចំពោះការលើកឡើងខាងលើភ្លាមៗផងដែរ។
ជាក់ស្តែង ក្រុមហ៊ុន នៅសប្តាហ៍នេះ បានចេញមុខធានាសន្យាយ៉ាងម៉ឺងម៉ាត់ នូវតម្លាភាពរួមទាំងបានធានាអះអាងថា ទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានទុកដាក់ប្រកបដោយសុវត្ថិភាពខ្ពស់។
នាយកប្រតិបត្តិក្រុមហ៊ុន TikTok គឺលោក Kevin Mayer បាននិយាយនៅក្នុងសេចក្តីប្រកាសមួយនាសប្តាហ៍នេះថា “ក្រុមហ៊ុន TikTok មិនមែនជាឧបករណ៍នយោបាយនោះទេ ហើយក្រុមហ៊ុន ក៏មិនដែលទទួលយកការផ្សព្វផ្សាយពាណិជ្ជកម្មលក្ខណៈនយោបាយដែរ”។ ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន TikTok រូបនេះ បានសង្កត់ធ្ងន់ទៀតថា គោលបំណងតែមួយគត់របស់ក្រុមហ៊ុន គឺនៅតែជាវេទិកាដ៏រស់រវើក និងសកម្មសម្រាប់អ្នកប្រើប្រាស់ដើម្បីទទួលបានភាពរីករាយ”៕
ប្រភព :https://www.rfi.fr/km/