លោកត្រាំ គំរាមវាយប្រហារយ៉ាងខ្លាំងក្លាលើទីតាំង៥២កន្លែង
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៤មករាបានព្រមានក្រុងតេហេរ៉ង់ថា សហរដ្ឋអាមេរិកបានកំណត់ទីតាំង៥២កន្លែងនៅអ៊ីរ៉ង់ ហើយនឹងវាយប្រហារទីតាំងទាំងនេះ ដោយឆាប់រហ័សនិងខ្លាំងក្លាបំផុត ប្រសិនបើអ៊ីរ៉ង់វាយប្រហារបុគ្គលិកឬបណ្ដាគោលដៅអាមេរិក។

តាមTWITTERលោកត្រាំបញ្ជាក់ថា ប្រាកដហើយទីតាំងអ៊ីរ៉ង់ទាំងនេះ សុទ្ធតែជាទីតាំងសំខាន់បំផុតនិងមានសារសំខាន់កម្រិតខ្ពស់ សម្រាប់អ៊ីរ៉ង់និងវប្បធម៌របស់គេ។ សហរដ្ឋអាមេរិកមិនចង់បានការគំរាមកំហែងទេ។ លោកបន្តថាតួលេខ៥២គឺស្មើនឹងតួលេខនៃចំនួនជនជាតិអាមេរិក ដែលត្រូវអ៊ីរ៉ង់ចាប់ជាចំណាប់ខ្មាំង អស់រយៈពេលជាង១ឆ្នាំកាលពីដំណាច់ឆ្នាំ១៩៧៩ ក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងតេហេរ៉ង់។
ចំណែកបណ្ដាក្រុមស្និទ្ធអ៊ីរ៉ង់នៅអ៊ីរ៉ាក់ បានបង្កើនការគាបសង្កត់លើបណ្ដាមូលដ្ឋានកងទាហានអ៊ីរ៉ាក់ដែលមានកងទាហានអាមេរិកឈរជើង បន្ទាប់ពីការដើរហែក្បួនបាតុកម្មដ៏ធំពេលបុណ្យសពរបស់ឧត្ដមសេនីយអ៊ីរ៉ង់ដែលមានឥទ្ធិពល កាសេមសូឡីម៉ានីដែលស្លាប់នៅក្រុងបាដាដ ដោយសារការវាយប្រហារតាមអាកាសមួយ របស់អាមេរិកនៅព្រលានយន្តហោះអន្តរជាតិរដ្ឋធានីអ៊ីរ៉ាក់។

ចាប់តាំងពីការវាយប្រហារនោះមក នៅអ៊ីរ៉ាក់នាល្ងាចថ្ងៃទី៤មករាចាប់់ផ្ដើមមានបាតុកម្មតវ៉ានានា ក្រោយការវាយប្រហារនេះ នាថ្ងៃទី៣មករាលើក្បួនរថយន្តរបស់លោកសូឡីម៉ានីនិងលោកអាប៊ូមេហ៍ឌីអាល់មូហានឌីស ជនលេខ២នៃក្រុមHACHD AL CHAABIជាក្រុមចម្រុះនៃយុទ្ធជនស្និទ្ធអ៊ីរ៉ង់ ដែលពេលនេះធ្វើសមាហរណកម្មបញ្ចូលក្នុងកងកម្លាំងសន្តិសុខអ៊ីរា់ក់។
បណ្ដាគ្រាប់រ៉ុក្កែតនិងគ្រាប់កាំភ្លើងត្បាល់ត្រូវបានបាញ់ស្ទើរដំណាលគ្នា ចូលក្នុងតំបន់បៃតងក្រុងបាដាដ ដែលមានស្ថានទូតអាមេរិក និងលើមូលដ្ឋានយោធានាភាគខាងជើងរដ្ឋធានីអ៊ីរ៉ាក់ ដែលមានកងទាហានអាមេរិក តែមិនបណ្ដាលឲ្យមានជនរងគ្រោះឡើយ។ ក្រោយការវាយប្រហារនាយប់ថ្ងៃទី៤មករា ក្រុមកងពលហេសបុលឡាហ៍ជាក្រុមរ៉ាឌីកាល់បំផុត នៃក្រុមចម្រុះHACHD AL CHAABI បានអំពាវនាវដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ឲ្យស្ថិតនៅឆ្ងាយយ៉ាងតិច១០០០ម៉ែត្រ ពីបណ្ដាមូលដ្ឋានយោធាអ៊ីរ៉ាក់ដែលមានវត្តមានរបស់កងទាហានអាមេរិក ចាប់ពីថ្ងៃទី៥មករាទៅ។ ចំណែកអាមេរិកប្រកាសពីការដាក់ពង្រាយ ទាហានពី៣០០០ទៅ៣៥០០នាក់ថែមទៀតក្នុងតំបន់។

នាថ្ងៃទី៤មករាពលរដ្ឋអ៊ីរ៉ង់ច្រើនសិបពាន់នាក់ដែលយំ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងតេហេរ៉ង់ ដោយអំពាវឲ្យមានការសងសឹកនិងដុតទង់ជាតិអាមេរិក។ ចំណែកពលរដ្ឋអ៊ីរ៉ាក់ដែលស្លៀកពាក់ខ្មៅ បានគក់ទ្រូងជាសញ្ញានៃការកាន់ទុក្ខនៅក្រុងបាដាដ គ៍របាឡាហ៍និងណាចាហ្វ។
មុននេះសភាអ៊ីរ៉ាក់បានប្រជុំវិសាមញ្ញដោយក្នុងឱកាសនោះ អាចមានការអនុម័តពីការបណ្ដេញទាហានអាមេរិក៥.២០០នាក់ដែលដាក់ពង្រាយនៅអ៊ីរ៉ាក់។ រីឯនៅក្រុងវា៉ស៊ិនតោន ក្រុងញូវយ៉កនិងកន្លែងឯទៀតៗ នាថ្ងៃទី៤មករាមានបាតុកម្មប្រឆាំងវត្តមានយោធាអាមេរិកនៅអ៊ីរ៉ាក់។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា បានជ្រើសរើសគោលដៅអាមេរិក៣៥ ដែលអាចវាយប្រហារសងសឹក ព្រមទាំងក្រុងតែលអាវីវអ៊ីស្រាអែលផងដែរ។ កងកម្លាំងនោះអាចវាយប្រហារជាពិសេស បណ្ដានាវាដែលឆ្លងកាត់ច្រកសមុទ្រORMUZ៕
ប្រភព៖ https://kohsantepheapdaily.com.kh/