លោក ជំទាវ ជា សិរី៖ ប្រជាពលរដ្ឋមុនពេលទិញដី ឫ ផ្ទះត្រូវប្រុងប្រយ័ត្ន អោយបានខ្ពស់ ជៀសវាង យកទុក្ខដាក់ខ្លួន…

លោក ជំទាវ បានឲ្យដឹង នៅក្នុងពិធីសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ ឆ្នាំ ២០១៩ ថា​ បច្ចុប្បន្នការទិញផ្ទះកាន់តែងាយស្រួលជាងមុន ព្រោះប្រជាជនមានប្រាក់ចំណូលកាន់តែច្រើន ហើយពួកគាត់ក៏អាចខ្ចីប្រាក់ពីធនាគារដើម្បីទិញផ្ទះបានទៀតផង។

យ៉ាងណាមិញ​ ចំពោះការប្រើប្រាស់ប្រាក់កម្ចីក្នុងការទិញផ្ទះបង់រំលស់នេះ ប្រជាជនត្រូវប្រយ័ត្នឲ្យមែនទែន។ ត្រង់ចំណុចនេះ លោកជំទាវ​បានបញ្ជាក់ថា ជាទូទៅ ពេលអ្នកទៅទិញ ផ្ទះ មានអ្នកសាងសង់ផ្ទះឬម្ចាស់គម្រោង( developer) មួយចំនួន មិនចេញប័ណ្ណកម្មសទិ្ធឲ្យអ្នកនោះទេ ហើយថែមទាំងនិយាយថា បើអ្នកទិញផ្ទះគាត់ ត្រូវតែខ្ចីលុយពីគាត់ផ្ទាល់។ ត្រង់នេះដែរ បើអ្នកខ្ចីលុយពីម្ចាស់គម្រោង( អ្នកសាងសង់ឬក្រុមហ៊ុនសង់ផ្ទះ) នោះពួកគាត់នឹងយកអត្រាការប្រាក់ស្រេចតែគាត់កំណត់ អាចអត្រាការប្រាក់ រហូតដល់ ១៦% ឬ ១៨%ជាដើម ខណៈ គ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ យកអត្រាការប្រាក់ជាមធ្យមពី ៧% ទៅ១០%ប៉ុណ្ណោះ។ 

ប្រជាជនមួយចំនួនគិតថា ផ្ទះតម្លៃធូថ្លៃ ក៏ទៅខ្ចីលុយពីអ្នកសាងសង( developer) ផ្ទាល់ ដោយព្រមបង់ក្នុងអត្រាការប្រាក់ ១៦% ឬ ១៨% ដែលអត្រាការប្រាក់ដ៏ច្រើនលើស ពីគ្រឹះស្ថានហិរញ្ញវត្ថុទៅទៀត​ ដែលនេះគឺជាបញ្ហាសម្រាប់អ្នកទិញផ្ទះ ពោលគឺពួកគាត់បង់ថ្លៃផ្ទះប្រចាំខែ ក្នុងអត្រាការប្រាក់ដ៏ច្រើន ដូច្នេះពួកគាត់ក៏ត្រូវចំណាយលុយយ៉ាងច្រើនក្នុងបង់រំលស់ផ្ទះ។

លើសពីនេះ អ្វីដែលពលរដ្ឋត្រូវតែប្រយ័ត្នជាមួយអ្នកសាងសង់ទាំងនោះ( developer) នោះគឺជួនកាលអ្នកបង់លុយឲ្យគ្រប់ហើយតែ ពួកគាត់(ម្ចាស់គម្រោង) ធ្វើកម្មសិទ្ធិឲ្យអ្នកអត់បាន ដោយសារដីដែលពួកគាត់ទិញមកសាងសង់ផ្ទះគឺមិនទាន់បង់សេវាផ្សេងៗទៅឲ្យរដ្ឋ ដូច្នេះ រដ្ឋមិនចេញប្លង់ឲ្យគាត់ តែពួកគាត់យកមកពុះលក់ឲ្យអ្នក ហើយអ្នកក៏ធ្វើអ្វីមិនបាននោះទេ ពោលគឺទាល់តែពួកកាត់ទៅបង់លុយឲ្យរដ្ឋសិន។លើសពីនេះ ជួនកាល​ពួកគាត់មិនទៅបង់ថ្លៃសេវាទាំងនោះជូនរដ្ឋនោះទេ ហើយរត់ចោលអ្នក ដោយមិនខ្វាយខ្វល់ ដោយពួកគាត់លក់គម្រោងផ្ទះនោះឲ្យអ្នករួចហើយ ដូច្នេះទីបំផុតអ្នកចំណាយលុយបង់ថ្លៃផ្ទះតែមិនបានផ្ទះ​ជាកម្មសិទ្ធិ ពោលគឺដូចជិះទុកកណ្ដាលមហាសមុទ្រអញ្ចឹង។

លើសពីនេះ អ្វីដែលអ្នកត្រូវប្រយ័ត្នថែមទៀតនោះគឺ អ្នកសាងសង់ គាត់អាចចេញប្លង់ឲ្យអ្នកបាន តែពួកគាត់មិនចង់ចេញឲ្យឡើយ។ ត្រង់នេះ បើអ្នកចង់ទៅខ្ចីលុយធនាគារ មកបង់រំលស់ផ្ទះ ខាងធនាគារប្រាកដជាមិនឲ្យខ្ចីនោះទេ ព្រោះធនាគារគេត្រូវការប្លង់ផ្ទះពីអ្នកដើម្បីដាក់បញ្ចាំងនៅធនាគារ ទើបគេព្រមផ្ដល់កម្ចីដល់អ្នកបាន។ តាមពិតមូលហេតុដែលអ្នកសាងសង់ឬម្ចាស់គម្រោងមិនជួយសម្រួលចេញចេញបង្ល់ឲ្យអ្នកយកទៅដាក់ធនាគារ ដោយសារពួកគាត់ចង់ទុកអ្នកឲ្យទៅខ្ចីលុយពួកគាត់ហើយឲ្យការប្រាក់គាត់។ 

លោកជំទាវ បានផ្ដល់យោបល់ថា មុនសម្រេចចិត្តទិញផ្ទះ​ ត្រូវសួរម្ចាស់គម្រោងឲ្យច្បាស់ថាតើ អាចចេញប្លង់រឹងឲ្យអ្នកបានឬអត់។ ត្រង់ចំណុចនេះដែរ លោកជំទាវថា ប្លង់ខ្លះក៏ធនាគារ មិនទទួលយកបានទេ ព្រោះបង្ល់ខ្លះមិនគ្រប់លក្ខខណ្ឌ ដែលនេះជារឿងដែលអ្នកត្រូវប្រយ័ត្នមែនទែន៕

By: Bonny អត្ថបទ: Business Cambodia